ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ជារឿងៗបងប្អូនប្រជាពលរដ្ឋកម្ពុជា តែងតែលើកជាចម្ងល់ចំពោះការសាងសង់ផ្លូវនៅក្នុងប្រទេស ដោយធ្វើទៅមុខខូចខាងក្រោយ ហើយធ្វើមិនទាន់បានប៉ុន្មានឆ្នាំផងក៏ចាប់ផ្ដើមខូចជាបណ្ដើរ ហើយពួកគាត់លើកជាចម្ងល់ថា ហេតុអ្វីកម្ពុជាមិនសាងសង់ផ្លូវដែលមានគុណភាព ជាប់បានយូរទូទាំងប្រទេសឬឱ្យបានច្រើនទៅ?។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបកស្រាយនៅព្រឹកថ្ងៃតី៣០ សីហា ២០២១នេះ តាមរយៈការឡាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា តាមពិតយើងក៏ចង់បានដែរផ្លូវបេតុង ឬផ្លូវAC ដែលជាប្រភេទផ្លូវជាប់បានយូរ តែបើសិនជាយើងរង់ចាំថវិកា សម្រាប់សាងសង់ផ្លូវទាំងនេះ យើងមិនមានថវិកាសាងសង់ផ្លូវកៅស៊ូឬផ្លូវផ្សេងៗទៀតទេ។
-->

លោកបន្តថា ម្យ៉ាងទៀត យើងថវិកាទៅសង់ផ្លូវណា ដែលមានភាពមមាញឹកនិងសំខាន់ សម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរ។ មួយវិញទៀតរដ្ឋាភិបាល ក៏ត្រូវថវិកាសម្រាប់វិស័យផ្សេងៗដែរ ដូច្នេះយើងក៏ត្រូវយកថវិកានោះសម្រាប់ក្រសួងផ្សេងទៀត។
លោកបន្តថា “ធ្វើផ្លូវរឹងមាំយើងក៏ចេះធ្វើដែរ ចាក់បេតុងកម្រាស់កន្លះម៉ែត្រ ក៏យើងអាចធ្វើបានដែរ ប៉ុន្តែត្រូវសួរថាយកយើងថវិកាមកពីណាមកសាងសង់ បើយើងមានតម្រូវការសាងសង់ផ្លូវច្រើន ដើម្បីស្រួលធ្វើដំណើរឆ្លងកាត់”។ លោកបន្តថា “តាមពិតផ្លូវយើងសាងសង់ក៏មានអាយុកាលយូរដែរ ប៉ុន្តែដោយសារតែការដឹកលើសទំងន់ខ្លាំងពេក ធ្វើឱ្យផ្លូវយើងត្រូវបន្ថយអាយុកាល”។
លោកស៊ុន ចាន់ថុលបានបន្ថែមថា ឡានដឹកទំនិញនៅលើផ្លូវកម្ពុជាមួយដឹកទៅថៃ ឬទៅវៀតណាមដល់ព្រំដែន គេត្រូវផ្ទេរដាក់ឡានគេពីរគ្រឿង ទើបអនុញ្ញាតឱ្យចូលបាន ដូច្នេះឡានដឹកទំនិញពីកម្ពុជា គឺលើសទំងន់ដល់ទៅពីរដងនៃផ្លូវនៅប្រទេសជិតខាង ។
លោកបញ្ជាក់ថា កម្ពុជានៅតែបន្តសាងសង់ផ្លូវសំខាន់ៗ ឆ្លងកាត់ខេត្តមួយចំនួនដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូន ហើយកម្ពុជាក៏មិនរើសអើសនូវជំនួយ និងកម្ចីពីប្រទេសណាទាំងអស់ ដើម្បីយកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឱ្យតែមានលក្ខខណ្ឌងាយៗ និងឆាប់រហ័ស ព្រោះយើងត្រូវការអភិវឌ្ឍជាបន្តបន្ទាប់ ដោយមិនរង់ចាំយូរឆ្នាំឡើយ៕