ដោយៈសហសេវិក
ភ្នំពេញៈ តើអ្នកគួរដឹងអ្វីខ្លះ នៅពេលអ្នកសម្រេចទិញផ្ទះដំបូងសម្រាប់ស្នាក់នៅ? ជាការពិត ការទិញផ្ទះលើកដំបូង មិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ប្រសិនបើលោកអ្នកមិនមានចំណេះដឹង មិនទាន់បានស្វែងយល់ឱ្យស៊ីជម្រៅ និងមិនបានត្រៀមខ្លួនអោយបានរួចរាល់ជាមុនទេនោះ។
ដូច្នេះដើម្បីជាចំណេះដឹងបន្ថែមសម្រាប់លោកអ្នក ថ្ងៃនេះយើងនឹងលើកយកចំណុចសំខាន់ៗ មួយចំនួនទាក់ទងនឹងការត្រៀមខ្លួន ពេលទិញផ្ទះដំបូងសម្រាប់ស្នាក់នៅ។
គោលដៅ
មុនសម្រេចចិត្តទិញផ្ទះ លោកអ្នកត្រូវដឹងថា តើខ្លួនចង់ទិញសម្រាប់រស់នៅ ឬប្រកបអាជីវកម្ម ហើយទិញសម្រាប់ទំហំគ្រួសារតូចឬធំ។ ទន្ទឹមនេះ បើសិនជាអ្នកទិញដើម្បីទុកលក់យកចំណេញ អ្នកគួរតែទិញផ្ទះក្នុងបុរីណា ដែលមានឈ្មោះបោះសំលេងនៅក្នុងទីផ្សារលំនៅឋាន។
ហិរញ្ញវត្ថុ
ដើម្បីជៀសវាងឧបសគ្គផ្សេងៗនៅថ្ងៃក្រោយ លោកអ្នកគួរតែធ្វើផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ដើម្បីដឹងថាខ្លួនត្រូវទិញបង់ផ្តាច់ឬបង់រំលស់។ បើលោកអ្នកមានប្រាក់គ្រប់គ្រាន់ មិនចង់ចំណាយលើការប្រាក់ អ្នកអាចបង់ផ្តាច់តែម្តង តែផ្ទុយទៅវិញប្រសិនលោក អ្នកមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ហើយសម្រេចជ្រើសរើសយកវិធីបង់រំលស់ អ្នកចាំបាច់ត្រូវដឹងពីចំណូលរបស់ខ្លួន ព្រោះវាចំាបាច់ណាស់ថាតើអ្នកនៅមានលទ្ធភាពសម្រាប់ចំណាយប្រចាំថ្ងៃដែរឬទេ បន្ទាប់ពីបង់រំលស់ហើយ។
ជាទូទៅការបង់រំលស់ តាមរយៈធនាគារនៅកម្ពុជា ចាំបាច់ត្រូវមានយ៉ាងហោចណាស់២០% នៃតម្លៃផ្ទះទាំងមូលដើម្បីអាចទទួលបានកម្ចី៧០% ពីធនាគារជាមួយនឹងលក្ខខណ្ឌចាំបាច់ផ្សេងៗទៀត។
ប្រភេទផ្ទះ និងស្ថានភាពផ្ទះ
បើសិនជាលោកអ្នកមានសមាជិកតិច ហើយចង់បានជីវិតសាមញ្ញនៅក្នុងទីក្រុង ឬទីប្រជុំជន លោកអ្នកអាចរស់នៅក្នុងផ្ទះល្វែង ខុនដូ ឬផ្ទះក្នុងអគារសហកម្មសិទ្ធ។ ចំពោះប្រភេទផ្ទះវីឡា ឬផ្ទះក្នុងបុរី វានឹងផ្តល់នូវភាពស្រស់ស្អាត និងសុវត្ថិភាពសម្រាប់ការរស់នៅរបស់លោកអ្នក ប៉ុន្តែនៅពេលទិញផ្ទះ អ្នកគួរសម្រេចចិត្តថាតើគួរទិញផ្ទះ មុនគម្រោង ផ្ទះសាង់សង់រួច ឬផ្ទះកំពុងសាងសង់នៅឡើយ។
ទីតាំង
ប្រសិនបើអ្នកទិញសម្រាប់រស់នៅ អ្នកគួរតែជ្រើសរើសទីតាំងណា ដែលមានភាពស្ងប់ស្ងាត់តែមានសុវត្ថិភាព មិនឆ្ងាយពីន្លែងធ្វើការពេក ហើយស្ថិតនៅជិតមន្ទីពេទ្យ និងសាលារបស់កូនៗលោកអ្នក។ ដោយឡែក ចំពោះការទិញសម្រាប់ធ្វើអាជីវកម្មវិញ អ្នកគួរជ្រើសរើសទីតាំង ដែលស្ថិតនៅតំបន់ទីប្រជុំជន មានភាពអូរអរ មានទីធ្លាធំទូលាយដែលសមស្របសម្រាប់មុខរបររបស់លោកអ្នក។
ប្លង់ផ្ទះ និងកិច្ចសន្យាទិញលក់
វាជាការចាំបាច់សម្រាប់អ្នក ក្នុងការពិនិត្យមើលលើប័ណ្ណកម្មសិទ្ធិ កាន់កាប់អចលនវត្ថុថា តើវាជាប្រភេទប្លង់រឹងឬប្លង់ទន់ ព្រោះថាប្រភេទប្លង់ទាំងពីរនេះ មានប្រសិទ្ធភាពខុសគ្នាដែលអ្នកគួរតែស្វែងយល់បន្ថែម។ ចំពោះកិច្ចសន្យាទិញលក់វិញ វាមានសារៈសំខាន់បំផុតក្នុងការទិញលក់ និងដើម្បីធានានូវសុវត្ថិភាពទាំងភាគីអ្នកទិញ និងភាគីអ្នកលក់។ ដូច្នេះ អ្នកត្រូវតែពិនិត្យមើលឱ្យបានច្បាស់លាស់ ទៅលើកិច្ចសន្យាទិញលក់ផ្ទះ ដើម្បីការពារហានិភ័យ ជៀសវាងការភាន់ច្រឡំ ដែលអាចបណ្ដាលឱ្យមានការខាតបង់ផ្សេងៗ។
ការស្វែងរកទិញផ្ទះ
នៅក្នុងសម័យឌីជីថល យើងមិនចាំបាច់ចំណាយពេលដើរ រកទិញផ្ទះដូចមុននោះទេ ពោលគឺយើងអាចធ្វើការស្វែងរកទិញផ្ទះ តាមរយៈគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ ក្រុមហ៊ុន ឫភ្នាក់ងារអចលនទ្រព្យ និងតាមរយៈបណ្ដាញសង្គមនានា ជាច្រើនទៀតផងដែរ។
ប្រភព៖ Harbor Property