ដោយៈសុខុម
តូក្យូ: ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍ ទី២ កញ្ញា នេះបានប្រកាសដាក់ចេញគំនិត ផ្តួចផ្តើមជាច្រើន ដែលខ្លួននឹងផ្តោតជាសំខាន់ ដើម្បីលើកកម្ពស់បច្ចេកវិទ្យាបៃតង និងការធ្វើឌីជីថលនីយកម្ម ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច រយៈពេលវែងរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

-->
ផែនការយុទ្ធសាស្ត្រនេះ ទំនងជានឹងដើរតួនាទីសំខាន់បំផុត សម្រាប់កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចថ្មីណាមួយ ដែលរដ្ឋាភិបាលអាចនឹងចងក្រងនៅចុងឆ្នាំនេះ។
ការដាក់ចេញផែនការយុទ្ធសាស្ត្រនេះ ក៏ធ្វើឡើងផងដែរនៅមុនការប្រកួតប្រជែងដណ្ដើមតំណែងជាមេដឹកនាំ ក្នុងជួរគណបក្សកាន់អំណាច ដែលនាយករដ្ឋមន្ត្រី Yoshihide Suga ត្រូវតែឈ្នះដើម្បីបន្តធ្វើជាប្រមុខរដ្ឋ និងបន្តអនុវត្តគំនិតផ្តួចផ្តើមគោលនយោបាយនានារបស់លោក។
ក្នុងផែនការយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលក៏បានគូសបញ្ជាក់ពីវិស័យនានា ដែលត្រូវឆ្លងកាត់ការពិនិត្យពិច័យកាន់តែហ្មត់ចត់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ រួមទាំងវិធានការនានាដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រ ជំរុញកំណើនសេដ្ឋកិច្ចរបស់លោក Yoshihide Suga ដែលត្រូវបានបញ្ចេញកាលពីខែមិថុនា ផងដែរ។
ក្នុងផែនការនេះ ក៏រួមមាន វិធានការសម្រាប់ការពង្រីកសមត្ថភាព ផលិតអាគុយរថយន្តអគ្គិសនី និងការសាងសង់ស្ថានីយបញ្ចូលអគ្គិសនី សម្រាប់រថយន្តអគ្គិសនី ព្រមទាំងការជួយគាំទ្រ ដើម្បីទាក់ទាញរោងចក្រផលិតបន្ទះឈីបនានា នៅក្នុងប្រទេសជប៉ុនផងដែរ។
យុទ្ធសាស្ត្រនេះ ក៏រួមបញ្ចូលទាំងវិធានការធ្វើឌីជីថលនីយកម្ម នូវសេវាកម្មសាធារណៈដូចជាការថែទាំសុខភាពជាដើមផងដែរ។

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានងើបឡើងពីការដាំក្បាលចុះ ដែលបង្កឡើងដោយការរីករាលដាលវីរុសកូវីដ-១៩ កាលពីឆ្នាំមុន ហើយការងើបឡើងនេះ ដោយសារការនាំចេញទទួលបានកំណើន។ ប៉ុន្តែក្រុមអ្នកវិភាគរំពឹងថា ការងើបឡើងបន្ថែមទៀតនឹងតិចតួចប៉ុណ្ណោះ ខណៈការកើនឡើងខ្ពស់នូវករណីឆ្លងវីរុសកូវីដ-១៩ ជះផលប៉ះពាល់ដល់តម្រូវការប្រើប្រាស់។
រដ្ឋាភិបាលសង្ឃឹមថា នឹងបង្កើនកំណើនរយៈពេលវែង របស់ប្រទេសជប៉ុនតាមរយៈការបង្កើនផលិតភាពការងារ និងអត្រាចូលរួម។
ក្នុងផែនការយុទ្ធសាស្ត្រជំរុញកំណើនសេដ្ឋកិច្ចនេះ រដ្ឋាភិបាលក៏បានអំពាវនាវឱ្យមានការប្រឹងប្រែងច្នៃបង្កើតថ្មី និងធ្វើឌីជីថលនីយកម្មផងដែរ ប៉ុន្តែផែនការនេះអាចជួបបញ្ហារអាក់រអួល ខណៈជំហរនយោបាយរបស់លោក Yoshihide Suga ហាក់មិនសូវមានភាពច្បាស់លាស់នៅមុនការបោះឆ្នោត៕