គម្រោងសាងសង់ផ្សារបណ្តែតទឹកទំហំ៥៤ហិកតានៅស្រុកបន្ទាយស្រី រង់ចាំ ការអនុម័តច្បាប់

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកសាស្រ្តាចារ្យទួស សាភឿនភាគហ៊ុនិកបុរីAngkor Land Markបានមានប្រសាសន៍ថា គំរោងផ្សារបណ្តែតទឹក និងសួនសត្វសិប្បនិម្មិតនៅក្នុងស្រុកបន្ទា​យ​ស្រី ខេត្តសៀមរាបរង់ចាំតែច្បាប់អនុញ្ញាត្តប៉ុណ្ណោះ នឹងចាប់ផ្តើមសាងសង់ហើយ។

លោកសាស្រ្តាចារ្យទួស សាភឿនបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួននាព្រឹកថ្ងៃទី៣ កញ្ញានេះថា មួយប្រទេសចង់ឃើញគម្រោងផ្សារទឹក សួនសត្វសិប្បន្និមិត្ត និងរីសតគ្រោងនឹងសាងសង់លើផ្ទៃដី៥៤ហិចតា ក្នុងទីតាំង បុរីអង្គរលែនម៉ាក្ស ខេត្តសៀមរាប រង់ចាំតែច្បាប់អនុញាតិទេបងប្អូនអតិថិជន របស់គម្រោងបុរីអង្គរលែនម៉ាក្ស។

លោកបានថា “បើច្បាប់ចេញស្អែក ថ្ងៃខានស្អែកក្រុមហ៊ុននិងចាប់ផ្តើមបុកគ្រឹះអោយឃើញភ្លាម”។

ជាមួយគ្នានេះ លោកបានបង្ហាញរូបភាពជាមួយនឹងការបញ្ជាក់ខ្លឹមសារថា ថ្ងៃនេះជួបពិភាក្សា និងពិនិត្យប្លង់គម្រោងផ្សារទឹក សួនសិប្បន្និមិត្ត និងរីសត ជាមួយដៃគូវិនិយោគថៃ។

គំរោងនេះក្រុមហ៊ុនថៃទាំងបីនោះរួមមាន ក្រុមហ៊ុន Sin Corp ក្រុមហ៊ុន Chang Siem Corporation និងក្រុមហ៊ុន TPI ដែលជាក្រុមហ៊ុនផលិតស៊ីម៉ត៍ខនគ្រីតធំជាងគេនៅប្រទេ​សថៃសហការវិនិយោគ។

លោកសាស្រ្តាចារ្យ ទួស សាភឿន សហភាគហ៊ុននិកគំរោងបុរីអង្គរលែនដ៏ម៉ាកធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា គំរោងនេះ គំរោងវិនិយោគនេះស្ថិតនៅលើផ្ទៃដីជាង ៥០០​ហិកតា ក្នុងនោះគំរោងទី១ មានផ្ទៃដី២២៣ហិកតា និងគំរោងទី២ មានផ្ទៃដីទំហំ ៣០០ហិកតា។

លោកបន្តថា គំរោងនេះមានភាពចម្រុះ ដោយមានលំនៅដ្ឋានបែបលំហែរកាយ ភោ​ជនីយដ្ឋាន ផ្សារបណ្តែតទឹកដែលនឹងសាងសង់លើផ្ទៃដី ៥០ហិកតា ហើយវានឹងជាផ្សារបណ្តែតទឹកធំជាងគេនៅកម្ពុជា និងសួនសប្បនិម្មិតស្ថិតនៅលើផ្ទៃដី២០ហិកតា ដែលសួន​នេះនឹងមានសត្វចម្រុះ ដែលផុតពូជពីពិភពលោកនេះ។

លោកសាស្រ្តាចារ្យបានបន្តថា “ក្រុមហ៊ុនរបស់យើងនឹងចុះ MOU ជាមួយក្រុមហ៊ុន​ទាំងនោះនៅថ្ងៃទី២០កម្ភៈនេះ ដើម្បីចាប់ផ្តើមអភិវឌ្ឍន៍គំរោងនេះ ដែលវាជាគំរោងទី១ ​នៅក្នុងខេត្តសៀមរាប”។

លោកបន្តថា “មកពីណាមិនសំខាន់ទេ សំខា​ន់គឺទាញយកអ្នកវិនិយោគមកវិនិយោ​គនៅស្រុកយើង ដើម្បីផ្តល់ការងារដល់ប្រជា​ជន និងលើកស្ទួយសេដ្ឋកិច្ចប្រទេសជាតិយើង”។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាស​ន៍ថា ការពិតខេត្តសៀមរាបពិតជាមានសក្តានុពលវិនិយោគ ប៉ុន្តែកន្លងមកអ្វីដែលយើងបានបង្ហាញ និងទាក់ទាញភ្ញៀវទេសចរណ៍របស់យើង មានត្រឹមសំណង់ប្រាសាទប៉ុណ្ណោះ ហេតុនេះប្រសិនជាមានការវិនិយោគ លើរមណីយដ្ឋានកែច្នៃបែបនេះ និងធ្វើឲ្យបានកាន់​តែច្រើន វាពិតជាមានប្រយោជន៍ណាស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ​ឲ្យស្នាក់នៅបានយូរនៅខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេសកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here