តើអគារខ្ពស់បំផុតប្រចាំប្រទេសហ្វីលីពីន មានកម្ពស់ប៉ុន្មានម៉ែត្រនិងមានលក្ខណៈពិសេសបែបណា?

0

ដោយៈសុខុម

ក្រុងម៉ានីល: ប្រទេសហ្វីលីពីន គឺជាសមាជិកស្ថាបនិក និងសកម្មនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានប្រជាជនសរុបប្រមាណ១០៩លាននាក់ បើយោងតាមជំជឿនឆ្នាំ២០២០។

ប្រទេសនេះអាចចាត់ទុកជាប្រទេសរីកចម្រើនក្នុងតំបន់នេះផងដែរ ដែលទីក្រុងមានបង្អួតនូវវត្តមានអាគារកប់ពពកជាច្រើន។

ដោយមានកម្ពស់៣១៨ម៉ែត្រ អគារ៦៦ជាន់ Grand Hyatt Manila ដែលសម្រាប់ប្រើប្រាស់ពហុគោលបំណង នៅតំបន់ Metro Manila ក្នុងទីក្រុងម៉ានីល គឺជាអគារខ្ពស់បំផុតប្រចាំប្រទេសហ្វីលីពីន។

អគារនេះ ក៏រួមមានសណ្ឋាគារប្រណីតលំដាប់ផ្កាយ៥មួយ ដែលកាន់កាប់ជាន់កំពូលចំនួន២៥ជាន់ និងភោជនីយដ្ឋានល្បីៗចំនួន៣ រួមមាន ភោជនីយដ្ឋាន The Grand Kitchen ភោជនីយដ្ឋាន No. 8 China House និងភោជនីយដ្ឋាន The Peak ផងដែរ។ ហើយទន្ទឹមនេះ វាក៏មានសាលប្រជុំ និងកន្លែងរៀបចំកម្មវិធីផ្សេងៗជាមួយនឹងផ្ទៃក្រឡាសរុបចំនួន២.២៨១ម៉ែត្រការ៉េផងដែរ។

អគារនេះ ជាផ្នែកមួយនៃគម្រោងសហគមន៍ខ្នាតយក្ស Grand Central Park របស់ក្រុមហ៊ុនអចលនទ្រព្យមួយ មានមូលដ្ឋាននៅប្រទេសហ្វីលីពីន ដែលមានឈ្មោះថា Federal Land, Inc។

 

*ក្រុមហ៊ុនស្ថាបត្យកម្ម និងក្រុមហ៊ុនវិស្វកម្មដែលនៅពីក្រោយសមិទ្ធផលអគារនេះ

ក្រុមហ៊ុនស្ថាបត្យកម្មហុងកុង Wong & Ouyang និងក្រុមហ៊ុនស្ថាបត្យកម្មហ្វីលីពីន Casas Architects គឺជាអ្នកចេញប្លង់អគារ Grand Hyatt Manila នេះ។ ចំណែកឯក្រុមហ៊ុនអង់គ្លេស Ove Arup & Partners ជាអ្នកទទួលខុសត្រូវផ្នែកសាងសង់ រួមទាំងការងារបច្ចេកទេសធ្វើយ៉ាងណាឱ្យមានខ្យល់ចេញ ចូលអគារបានល្អ និងភាពធុនទ្រាំនៃអគារក្នុងគ្រាមានគ្រោះរញ្ជួយដីផងដែរ។

*ដំណើរការសាងសង់ និងការចំណាយដើមទុន

ដំណើរការសាងសង់អគារនេះ បានចាប់ផ្ដើមក្នុងឆ្នាំ២០១១ ហើយរួចរាល់ជាស្ថា​ពរក្នុងឆ្នាំ២០១៧ ពោលគឺប្រើពេលអស់៦ឆ្នាំ ជាមួយនឹងទុនចំណាយចំនួន៣០០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here