តើកត្តាអ្វីខ្លះជំរុញឱ្យសកម្មភាពទិញលក់ដីធ្លីនៅខេត្តកំពត កែបនៅតែបន្ត កើនឡើងទោះក្នុងវិបត្តិក្ដី

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ទោះបីជាស្ថានភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានៅមិនទាន់បានធូរស្រាលក្ដី តែគេក្រលេកឃើញការទិញលក់ដីធ្លី នៅក្នុងខេត្តកែប និងកំពតនៅតែមានភាពសកម្មភាព ទាំងការទិញលក់ដីធ្លីក្នុងមូលដ្ឋាន និងការទិញលក់ដីធ្លី ជាមួយនឹងវិនិយោគិនក្រៅមូលដ្ឋាន។

លោកគង់ ចាន់ណា អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យគង់ វង្សប្រណិតរៀលអ៊ីស្ទេតបានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៦ កញ្ញានេះថា នៅក្នុងរយៈពេលចុងក្រោយនេះ រូបភាពនៃការទិញលក់ នៅតែមានដង្ហើមគួរឱ្យកត់សម្គាល់ ប៉ុន្តែរូបភាពនៃការទិញលក់មិនមានលក្ខណៈទូលំទូលាយដូចមុនឡើយ ។

លោកបន្តថា “រូបភាពនៃការទិញ លក់កើតមានរាល់ថ្ងៃនេះ គឺខ្ញុំមើលឃើញថាមាន៣កត្តាបីធំៗ”។

ទី១ ជារូបភាពអ្នកវិនិយោគ ហើយត្រូវបែងចែកជាពីរក្រុមទៀត គឺការវិនិយោគរួមគ្នាដោយទិញដីមួយប្លង់ចូលហ៊ុនគ្នា ដើម្បីយកចំនេញនៅពេលខាងមុខ។ ទី២ អ្នកវិនិយោគដែលមានលុយច្រើន រង់ចាំចាប់ឱកាសពីអ្នកលក់ដី ដែលមានតម្លៃក្រោមទីផ្សារ ពីព្រោះថាថ្វីត្បិតតែទីផ្សារដីធ្លីជារួមមិនធ្លាក់ចុះមែន តែក៏មានអ្នកលក់ដីធ្លីក្រោមទីផ្សារដែរ ។ រូបភាពទី២ឬក៏កត្តាទី២ ដែលជំរុញឱ្យមានសកម្មភាពទិញ លក់ដីធ្លី ដែលនោះគឺពលរដ្ឋក្នុងខេត្តកំពតកែប ដែលមានដីនៅមាត់សមុទ្រ ក៏បានលក់ដីនោះក្នុងតម្លៃខ្ពស់ហើយទៅទិញដីនៅឆ្ងាយពីមាត់សមុទ្រ ជាលក្ខណៈដីភូមិ ដីស្រែសម្រាប់ចែកកូនចៅ ។

ទី៣ ដែលលោកបានមើលឃើញថាសកម្មដែរនោះ គឺមានក្រុមឧកញ៉ា និងអ្នកមានលុយច្រើនបានពង្រីទុន ទៅឱ្យតំណាងរបស់ខ្លួនច្រើននាក់ នៅក្នុងខេត្តនោះស្វែងរកទិញដីដែលមានសក្ដានុពលសម្រាប់អភិវឌ្ឍន៍នៅពេលអនាគត ។

លោកគង់ ចាន់ណាបានបន្ថែមថា ក្នុងខេត្តកំពតកែប អាចចាត់ទុកជាខេត្តគោលដៅអភិវឌ្ឍន៍មួយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅពេលអនាគត ដោយយើងឃើញថានៅក្នុងខេត្តទាំងនេះ ក៏កំពុងអភិវឌ្ឍន៍ជាកំពង់ផែ ទាំងកំពង់ផែទេសចរណ៍ និងកំពង់ទឹកជ្រៅ និងអាចក្លាយជាសក្ដានុពលទាក់ទាញមួយ នៅពេលឆាប់ៗខាងមុខនេះ ។

លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលបានកំណត់យកតំបន់ឆ្នេរ ជាគោលដៅអភិវឌ្ឍន៍ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបាន និងកំពុងអភិវឌ្ឍន៍ និងគ្រោងអភិវឌ្ឍផ្លូវតភ្ជាប់ពីភ្នំពេញ ទៅកាន់ខេត្តគោលដៅអភិវឌ្ឍន៍នេះ រួមមាន ខេត្តកំពត និងខេត្តកែបផងដែរ ។

លោកបន្តថា “យើងបានសាងសង់ផ្លូវជាតិលេខ៣ តទៅខេត្តកំពតនិងកែបរួចហើយ ហើយយើងនឹងសាងសង់ផ្លូវ៣ខ្សែទៀត ទៅកាន់ខេត្តទាំងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរណ៍ និងអ្នកវិនិយោគ រួមមានផ្លូវជាតិលេខ៤១តភ្ជាប់ពីលេខ៤ទៅលេខ៣ ផ្លូវជាតិ៣១ភ្ជាប់ពីបែកគុស ទៅកំពង់ត្រាចនិងផ្លូវជាតិ៣៣ ពីទីរួមខេត្តកំពតទៅខេត្តកែប៕

LEAVE A REPLY

Please enter your comment!
Please enter your name here