គម្រោងអភិវឌ្ឍន៍ធំៗរបស់រដ្ឋាភិបាលចំនួន៤ធ្វើឱ្យកាន់តែទាក់ទាញការវិនិយោគ ទោះក្នុងវិបត្តិ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ទោះបីជាកម្ពុជាទទួលរងឥទ្ធិពលពីជំងឺកូវីដ១៩ក្ដី តែកម្ពុជាមិនបានបន្ថយល្បឿន ក្នុងការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលបានចាប់ផ្ដើមតាំងពីមុនវិបត្តិនោះទេ ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៤ របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងធ្វើឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត លើការវិនិយោគរបស់វិនិយោគិនជាតិនិងអន្តរជាតិ ។

១. អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ស្ថិតនៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ហើយបើទោះបី ជាស្ថិតនៅក្នុងវិបត្តិធ្ងន់ធ្ងរយ៉ាងណាក្ដី ក៏គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិមួយនេះ មិនបានផ្អាកឬបញ្ឈប់សកម្មភាពឡើយ គឺនៅតែបន្តដើម្បីឱ្យសម្រេចទៅតាមផែនការគ្រោងទុក ។ វត្តមានអាកាសយានដ្ឋានអន្តរជាតិមួយនេះ បានជំរុញសក្ដានុពលវិនិយោគនៅតំបន់ប៉ែកខាងត្បូង កាន់តែខ្លាំងបន្ថែមទៀត ធ្វើឱ្យតម្លៃអចលនទ្រព្យនៅតំបន់នោះ កើនឡើងមួយកម្រិតទៀតផង ។

២. គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣

គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣នេះ បានតភ្ជាប់ពីផ្លូវជាតិលេខ១ ឆ្លងកាត់ផ្លូវជាតិលេខ២ លេខ៣ ទៅភ្ជាប់នឹងផ្លូវជាតិលេខ៤ និងបន្តទៅផ្លូវជាតិលេខ៥និងលេខ៦ តាមមហាវិថីឈ្នះឈ្នះ ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធមួយនេះ បានជំរុញឱ្យមានការវិនិយោគនៅតាមបណ្ដោយផ្លូវដ៏សំខាន់ ពីព្រោះថានៅពេលដែលគម្រោងនេះ បានបញ្ចប់វានឹងក្លាយជាផ្លូវដ៏សំខាន់សម្រាប់ធ្វើដំណើរវាងរាជធានីភ្នំពេញ បញ្ចៀសការកកស្ទះនៅក្នុងក្រុង ហើយចំណេញវេលា សម្រាប់ការធ្វើដំណើររបស់ពលរដ្ឋផងដែរ។ អ្នកអភិវឌ្ឍន៍មួយចំនួនក៏បានចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងរបស់ខ្លួន នៅតាមបណ្ដោយផ្លូវក្រវ៉ាត់នេះបណ្ដើរៗផងដែរ ជាពិសេសគម្រោងលំនៅឋាន។

៣ ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ

គម្រោងផ្លូវនេះ ចាត់ទុកជាគម្រោងធំ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលមិនធ្លាប់មានផ្លូវល្បឿនលឿនឡើយ ។ គម្រោងនេះ បានបង្កើតទំនុកចិត្តដល់វិនិយោគិនបរទេសឱ្យចូលមកក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកការវិនិយោគ ជាពិសេសការវិនិយោគនៅក្នុងខេត្តព្រះសីហនុ។

ទោះបីជាជួបបញ្ហាដោយសារតែកូវីដ១៩យ៉ាងណាក្ដី ក៏គម្រោងនេះនៅតែបន្តសាងសង់និងរំពឹងថា អាចនឹងបញ្ចប់ការដ្ឋានសាងសង់ នៅអំឡុងចុងឆ្នាំ២០២២ខាងមុខនេះផងដែរ។

៤. ពហុកីឡដ្ឋានជាតិមរតកតេជោ

សំណង់មួយនេះ ក៏ចាត់ទុកជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាផងដែរ ។ ក្រោយពេលសំណង់មួយនេះ បានលេចចេញជារូបរាង ធ្វើឱ្យបណ្ដាវិនិយោគិនជាច្រើនបានចាប់ផ្ដើមសម្លឹងទៅលើតំបន់ជុំវិញ ហើយក៏ចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងរៀងៗខ្លួន ដូចជាគម្រោ​ងលំនៅឋានតម្លៃខ្ពស់ ប្រណីត និងគម្រោងជាច្រើនទៀតផងដែរ ។ គម្រោងនេះ បានបញ្ចប់ស្ទើរតែ១០០ភាគរយមកដល់ពេលនេះ និងដើម្បីត្រៀមរៀបចំការប្រកួតកីឡាស៊ី  ហ្គេមនៅពេលខាងមុខផងដែរ។

យ៉ាងណាកម្ពុជា ក៏មានគម្រោងទាក់ទាញជាច្រើនទៀត ដែលជំរុញសក្ដានុពលវិនិយោគនៅកម្ពុជាកាន់តែប្រសើរឡើង ទោះបីជាកម្ពុជាជួបវិបត្តិនេះក្ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here