អ្នកជំនាញលើកឡើងពីឱកាសទទួលបានផលចំណេញពីការវិនិយោគលើដី កសិកម្មនៅកម្ពុជា

0

ដោយៈលក្ខិណា

ភ្នំពេញៈ កម្ពុជាជាប្រទេសមួយពឹងលើវិស័យកសិកម្ម និងមានប្រជាជនរហូតដល់៨៥ភាគរយប្រកបរបរកសិកម្ម ហើយដីកសិកម្មកម្ពុជាមកដល់នេះ នៅតែមានទំហំធំ បើទោះបីជាដីកសិកម្មមួយចំនួន ពីមុននោះត្រូវបានបម្លែង ទៅជាដីលំនៅឋាននិងឧស្សាហកម្មក្ដី។

យ៉ាងណាមកពេលនេះ វិនិយោគិននៅតែមានជម្រើសច្រើន ក្នុងការវិនិយោគលើដីសម្រាប់កសិកម្មនៅកម្ពុជា។

លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនស៊ីភីអិលបានមានប្រសាសន៍ឲ្យដឹង​តាមទូរស័ព្ទនាថ្ងៃទី៧ កញ្ញានេះថា ប្រទេសកម្ពុជាអំណោយផល ទៅលើដីដែលយើងអាចបង្កបង្កើនផលលើដំណាំកសិកម្ម ជាដីដែលមានជីវជាតិល្អ មានទឹកគ្រប់គ្រាន់ និងអាចយកទៅដាំដុះដំណាំគ្រប់ប្រភេទដូចជា ស្រូវ ពោត សណ្ដែក ហើយមិនតែប៉ុណ្ណោះដីកម្ពុជាក៏អាចវិនិយោគទៅលើដំណាំឧស្សាហកម្មដែលពិភពលោកកំពុងមានតម្រូវការខ្ពស់ដូចជាកៅស៊ូ ដើមឈើម៉ៃសាក់ជាដើម ដែលធ្វើឱ្យទទួលផលចំណេញច្រើន។

លោកឧកញ៉ាបន្តថា “យើងមានជម្រើសច្រើន ក្នុងការរកប្រាក់ចំនេញ ទៅលើការវិនិយោគដីកសិកម្ម ដោយដំបូងយើងត្រូវធ្វើការ ជ្រើសរើសដែលមានជីវជាតិ ហើយបន្ទាប់មកយើងត្រូវសិក្សា ទៅលើដំណាំណាដែលអាចសមប្រកបនឹងដី ដែលយើងបានជ្រើសរើសនោះ”។ លោកបន្តថា “នៅពេលដែលយើងជ្រើសរើសដីបានហើយ យើងត្រូវមើលទៅលើដំណាំ ដែលយើងប្រុងនឹងដាំដុះ សម្រាប់រកប្រាក់ចំនេញត្រលប់មកវិញ ឬមួយក៏យើងអាចយកដី ដែលយើងមាននោះទៅជួលឱ្យអ្នកផ្សេង ដើម្បីទទួលកម្រៃជាប្រចាំខែឬក៏ប្រចាំឆ្នាំជាដើម”។

លោកឧញ៉ាបន្ថែមថា អ្នកដែលមានដីកសិកម្ម អាចធ្វើការវិនិយោគដោយខ្លួនឯងក៏បាន ឬក៏ជួលទៅជនបរទេសដែលមិនមានសិទ្ធិទិញដីធ្លី សម្រាប់អភិវឌ្ឍន៍ដំណាំ ឬក៏ផលិតស្បៀងអាហារ ដើម្បីលក់ក្នុងស្រុក ឬក៏នាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ចំណុចមួយទៀតដែល អាចធ្វើបានគឺការរួមសហការគ្នា ជាមួយវិនិយោគិនបរទេស ដែលមានជំនាញលើវិស័យកសិកម្ម ដើម្បីរកប្រាក់ចំណេញ ពីការវិនិយោគដីកសិកម្មនេះផងដែរ ។

លោកឧកញ៉ាចេង ខេងបានបន្តថា “យើងត្រូវចាំច្បាស់ថាតម្រូវការស្បៀងនៅលើពិភពលោកនេះ គឺមានជារៀងរាល់ថ្ងៃ ហើយកើនឡើងជាបន្តបន្ទាប់ ដូច្នេះការវិនិយោគទៅលើស្បៀងអាហារដូចជាការដាំដុះបន្លែ ស្រូវ ពោត សណ្ដែកគឺនឹងនាំមកនូវប្រាក់ចំណេញសម្រាប់អ្នកវិនិយោគ”។

លោកស្រីGrace Rachny Fongនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានមានប្រសាសន៍ថា សម្រាប់ក្រុមហ៊ុនស្រី មុននឹងណែនាំដល់វិនិយោគដាក់ទុនលើដីកសិកម្ម ទៅលើដំណាំមួយនេះ គឺមានក្រុមអ្នកជំនាញចុះ ធ្វើតេស្តដីនោះថាវាត្រូវនឹងដំណាំ ដែលវិនិយោគិនចង់វិនិយោគដែរឬទេ។

លោកស្រីបន្តថា “ជាក្រុមហ៊ុនវាយតម្លៃដីធ្លី យើងមិនត្រឹមតែវាតម្លៃលើតែដីទេ តែយើងក៏បានវាយតម្លៃ ទៅលើសក្ដានុពល និងចង់ឱ្យវិនិយោគិន ដែលប្រើសេវារបស់យើងទទួលបានជោគជ័យលើការវិនិយោគរបស់ពួកគេផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here