សម្តេចតេជោនឹងចូលរួមកិច្ចប្រជុំកំពូលក្រោមមូលបទ “មហាអនុតំបន់មេគង្គ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី”

0

ដោយៈតារា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញានេះ នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី៩ ខែកញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិកមហាអនុតំបន់ផ្សេងទៀត រួមមាន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន, ឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

កិច្ចប្រជុំកំពូលនឹងធ្វើឡើង ក្រោមមូលបទ “មហាអនុតំបន់មេគង្គ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី” កិច្ចប្រជុំនឹងពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៦ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ នៅប្រទេសវៀតណាម ព្រមទាំងកំណត់សកម្មភាព និងទិសដៅអនាគតនៃកិច្ចសហប្រតិ​បត្តិការនៅ៣ឆ្នាំបន្ទាប់ ក្រោមការជួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។

ទោះយ៉ាងណា កិច្ចប្រជុំកំពូលនេះក៏នឹងផ្តល់ឱកាស ដល់អ្នកចូលរួមទាំងអស់ធ្វើការបញ្ជាក់នូវការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់ខ្លួន ដើម្បីធ្វើឱ្យអនុតំបន់កាន់តែរួបរួមគ្នា ប្រកបដោយវិបុលភាព ចីរភាព និងបរិយាប័ន្ន នៅក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅក្នុងអនុតំបន់ តំប​ន់ និងពិភពលោក។

កម្មវិធីមហាអនុតំបន់មេគង្គឈរលើមូលដ្ឋាន នៃការពិគ្រោះយោបល់ និងកិច្ចសន្ទ​នា ក្នុងចំណោមបណ្តាសមាជិកមហាអនុតំបន់មេគង្គ។ក្នុងនោះដែរ  មហាអនុតំបន់មេគង្គនេះ ផ្តោតលើគម្រោងអនុតំបន់នានា ដែលមានអាទិភាពខ្ពស់នៅក្នុងវិស័យការដឹកជញ្ជូ​ន ថាមពល ទូរគមនាគមន៍ បរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ ការវិនិយោគផ្នែកឯកជន និងកសិកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here