ដោយៈវឌ្ឍនៈ
ភ្នំពេញៈ បើតាមការគ្រោងទុកនៅថ្ងៃទី ៩កញ្ញា២០២១ស្អែកនេះ ក្រុមហ៊ុនមួយនៃបុត្រសម្ព័ន្ធ Royal Group របស់អ្នកឧកញ៉ាគិតម៉េង នឹងបោះផ្សាយមូលបត្រក្នុងតម្លៃ២០លានដុល្លារអាមេរិកនោះ គឺក្រុមហ៊ុនEZECOM /Telcotech ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការមូលបត្រកម្ពុជា។

-->
តាមការគ្រោងទុកពិធីនេះ នឹងធ្វើឡើងតាមប្រព័ន្ធ Video Conference ដោយមានការចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយតករមូលបត្រកម្ពុជា លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង អភិបាលនៃក្រុមហ៊ុន Telcotech រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
សេចក្តីប្រកាសព័ត៌មានរបស់ Ezecom កាលពីពេលថ្មីៗនេះបានឱ្យដឹងថា មូលបត្របំណុលក្នុងតម្លៃទឹកប្រាក់២០លានដុល្លារ ដែលត្រូវបោះផ្សាយដោយក្រុមហ៊ុន Ezecom/Telcotech ត្រូវបានគ្រប់គ្រងដោយទីភ្នាក់ងារធានាឥណទាន Credit Guarantee and Investment Facility (CGIF) ដែលបង្កើតឡើង ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសមាជិកអាស៊ាន+៣ រួមមានជប៉ុន កូរ៉េខាងត្បូង និងចិន។
ក្រុមហ៊ុន Ezecom ឬ Telcotech គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់ ដែលបម្រើតម្រូវការទីផ្សារសេវាអ៊ិនធឺណិត សម្រាប់ក្រុមហ៊ុន សហគ្រាស និងតាមលំនៅដ្ឋានក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Ezecom ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយក្រុមហ៊ុន Royal Group ជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជា ដែលមានបណ្តាញហេដ្ឋានរចនាសម្ព័ន្ធខ្សែហ្វាយប៊ើអុបទិកធំបំផុត និងកាន់កាប់ភាគហ៊ុន ក្នុងបណ្តាញខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway (AAG) និងបណ្តាញខ្សែកាប្លិ៍បាតសមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ (MCT)។
ក្រុមហ៊ុន Ezecom នឹងប្រើប្រាស់ទឹកប្រាក់ បានពីការបោះផ្សាយមូលបត្របំណុលនេះ ដើម្បីវិនិយោគបន្ថែមទៀត លើប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា។ ក្រុមហ៊ុន Ezecom បានដើរតួនាទីដ៏សំខាន់មួយ ក្នុងឌីជីថលូបនីយកម្មរបស់កម្ពុជា ហើយនឹងបន្តធ្វើកិច្ចការទាំងនេះ ឆ្ពោះទៅមុខបន្តទៀតតាម រយៈបដិវត្តន៍ឧស្សាហកម្មទី៤ (IR 4.0)។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងសេចក្តីប្រកាសព័ត៌មានថា “ក្រុមហ៊ុន Ezecom រួមជាមួយនឹងក្រុមហ៊ុន Telcotech គឺជាក្រុមហ៊ុនខ្មែរ១០០% ដែលធ្វើការងារផ្តោតលើការផ្តល់ ជូននូវវិសាលភាពគ្របដណ្តប់ និងការតភ្ជាប់អ៊ិនធឺណិតប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា”។
អ្នកឧកញ៉ាបន្ថែមថា ការបោះផ្សាយមូលបត្របំណុលនេះ នឹងផ្តល់លទ្ធភាពឱ្យយើងបន្តដឹកនាំឆ្ពោះទៅមុខបន្តទៀត ក្នុងការបង្កើតអនាគតឌីជីថលរបស់កម្ពុជា តាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើបៗ និងយុទ្ធសាស្រ្តឌីជីថល។ CGIF មានលក្ខខណ្ឌតម្រូវ និងស្តង់ដារខ្ពស់ នៅពេលដែលចេញផ្សាយការធានាឥណទាននេះ។
លោកបន្តថា “ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ចំពោះក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនខ្មែរសុទ្ធសាធដំបូងគេបង្អស់ ដែលមានគ្រប់លក្ខខណ្ឌគ្រប់គ្រាន់ និងលើសកម្រិតស្តង់ដារ ដែលបានទាមទារក្នុងការឆ្លើយតប និងស្តង់ដារកម្រិតខ្ពស់ទាំងនេះ”៕