លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុនលើកឡើងពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងឋានៈប្រធានអាស៊ានឆ្នាំ២០២២

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាកថា ការទទួលបានតួនាទីជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ខាងមុខនេះ គឺជាឱកាសសម្រាប់ប្រទេសកម្ពុជា ក្នុងការបង្ហាញមុខមាត់ និងសមត្ថភាពនៃការត្រួសត្រាយផ្លូវដើម្បីរក្សាឯកភាព សាមគ្គីភាព ភាពធន់ និងមជ្ឈភាពរបស់អាស៊ាន។ នេះយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនារសៀលថ្ងៃទី៨ កញ្ញានេះ។

លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ ក្នុងពិធីបើកកម្មវិធីកម្រងបាឋ​កថាស្តីពី “Cambodia & ASEAN and Cambodia as ASEAN Chairmanship 2022”ដែលរៀបចំដោយ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

កម្រងបាឋកថាខាងលើមានទិសដៅសំខាន់ចំនួនបី ដូចជា ទី១ លើកកម្ពស់ការយល់ដឹងអំពីទំនាក់ទំនង​រវាងកម្ពុជា-អាស៊ាន ទី២ ផ្សព្វផ្សាយនូវតួនាទី និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងនាមជាប្រធានប្តូរវេន អាស៊ានឆ្នាំ២០២២ និងទី៣ ចែករំលែកនូវឱកាស និងបញ្ហាប្រឈមសម្រាប់កម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ-១៩។

ក្រសួងការបរទេស បានបញ្ជាក់ដូច្នេះថា ថ្លែងក្នុងពិធីបើកកម្រងបាឋកថានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ របស់កម្ពុជាក្នុងការក្លាយជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ ខាងមុខនេះ ដោយវាជាឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញមុខមាត់ និងសមត្ថភាពនៃការត្រួសត្រាយផ្លូវដើម្បីរក្សានូវឯកភាព សាមគ្គីភាព ភាពធន់ និង មជ្ឈភាពរបស់អាស៊ាន

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានលើកឡើងនូវបញ្ហាប្រឈមសម្រាប់កម្ពុជា ក្នុងការរួមចំណែកដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ និងជាពិសេសក្នុងស្ថានភាពដ៏តានតឹង នៃការប្រកួតប្រជែងឥទ្ធិពលភូមិសាស្រ្តនយោបាយ រវាងប្រទេសមហាអំណាច និងបញ្ហាចំពោះមុខដែលបាន និងកំពុងកើតឡើងនាពេលបច្ចុប្បន្ន​។

លោកក៏បានចង្អុលបង្ហាញអំពីគុណសម្បត្តិ អាស៊ានដោយបន្សល់នូវនិម្មាបនកម្មតំបន់សំខាន់ៗជាច្រើន ដែលជាមាគ៌ាធានា និងរក្សាបាននូវស្ថិរភាព និងវិបុលភាពតំបន់។

ឆ្លៀតក្នុងឱកាសនោះ ប្រមុខការទូតកម្ពុជា ក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តខិតខំប្រឹងប្រែងលើកកម្ពស់យន្តការនានា ដែលផ្តោតសំខាន់លើការពង្រឹងសកម្មភាពរួមគ្នាជាក់ស្តែង ដោយឈរជាមូលដ្ឋានលើភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងអាស៊ាន ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមរួម ទាំងបញ្ហាប្រឈមមិនប្រពៃណី ដែលមានស្រាប់និងកំពុងលេចឡើងមួយចំនួនទៀត ដែលអាស៊ានកំពុងជួបប្រទះ ក៏ដូចជាការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិជំងឺកូវីដ-១៩៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here