ដោយៈគង់ សូរិយា
ភ្នំពេញៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះមិនទាន់មានការរៀបចំទិដ្ឋាការកសិកម្មទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជានៅឡើយទេ។
ជាមួយគ្នានេះ ស្ថានទូតបានសំណូមពរឱ្យប្រជាជនកម្ពុជា ប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនណាដែលអះអាងថា គេអាចរៀបចំទិដ្ឋាការកសិកម្ម សម្រាប់អូស្ត្រាលីបាននាបច្ចុប្បន្ននេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ពីបច្ចុប្បន្នភាពស្តីអំពី គម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលី ដែលបានចេញផ្សាយនៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ។
-->
នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងទៀតថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសបង្កើតគម្រោង ទិដ្ឋាការកសិកម្មអូស្ត្រាលីថ្មី។ ស្ថានទូតនឹងធ្វើការចរចាជាមួយដៃគូទ្វេភាគី អំពីការរៀបចំនានាសម្រាប់ទិដ្ឋាការនេះ ដោយចាប់ផ្តើមពីបណ្តាប្រទេសមួយចំនួន មុននឹងពង្រីកទៅបណ្តាប្រទេសជាច្រើន ទៅថ្ងៃមុខ។
ព័ត៌មានលំអិតអំពីរបៀបដាក់ពាក្យសុំ និងតម្រូវការដើម្បីទទួលបានទិដ្ឋាការ នឹងធ្វើឡើងតាមរយៈដំណើរការកម្មវិធី ដោយមានការពិគ្រោះយោបល់ជាមួយវិស័យ កសិកម្មអូស្ត្រាលី។ ក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី ជាអ្នកគ្រប់គ្រងលើទិដ្ឋាការនេះ។ ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្មទឹក និងបរិស្ថាន នឹងផ្តល់ការ គាំទ្រផ្នែកប្រតិបត្តិការ ដើម្បីធានាសុចរិតភាពទិដ្ឋាការ ព្រមទាំងដើម្បីបំពេញតម្រូវការវិស័យកសិកម្ម និងវិស័យឧស្សាហកម្មបឋម។
ស្តង់ដារអប្បបរមា ដើម្បីការពារកម្មករពីការកេងប្រវ័ញ្ច ជាការសំខាន់ ហើយនឹងត្រូវយកគំរូ តាមកម្មវិធីចល័តពលកម្មប៉ាស៊ីហ្វិក ដែលទទួលបានជោគជ័យរបស់អូស្ត្រាលី។ នៅពេលការរៀបចំទិដ្ឋាការត្រូវបានបញ្ចប់ នឹងមានច្បាប់តឹងរ៉ឹងដើម្បីការពារកម្មករ។ រដ្ឋាភិបាលប្តេជ្ញាធានាថា កម្មករទាំងអស់មានឱកាសចូលរួមចំណែក ជាវិជ្ជមានដល់សេដ្ឋកិច្ចអូស្ត្រាលី ដោយមិនមានអារម្មណ៍ភ័យខ្លាចពីការកេងប្រវ័ញ្ច៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា៖