ក្រុមហ៊ុនAmazon គ្រោងបើកហាងWhole Foods ២កន្លែងដោយគ្មានមនុស្ស ចាំគិតលុយនៅឆ្នាំក្រោយ

0

ដោយៈសុខុម

ញូវយ៉ក: ក្រុមហ៊ុនយក្ស Amazon គ្រោងបើកដំណើរការហាង Whole Foods ចំនួន២កន្លែង ដោយគ្មានមនុស្សចាំគិតលុយនៅឆ្នាំក្រោយ ដែលអតិថិជនមិនចាំបាច់តម្រង់ជួរបង់ប្រាក់ដូចមុនឡើយ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី៨ កញ្ញា។

ក្រុមហ៊ុន Amazon នឹងដំឡើងបច្ចេកវិទ្យា “Just Walk Out” (យកទំនិញហើយដើរចេញ) នៅហាងទាំងនោះ ដែលគ្រោងបើកដំណើរការក្នុងឆ្នាំ២០២២ នៅវ៉ាស៊ីនតោន ឌីស៊ី និងសង្កាត់ Sherman Oaks រដ្ឋកាលីហ្វ័រញ៉ា។

នេះជាការសាកល្បងចុងក្រោយបង្អស់ លើកម្មវិធីសូហ្វវែរនេះ ដែលត្រូវបានដាក់ ឱ្យប្រើរួចមកហើយនៅហាងម៉ាត Amazon Go ក៏ដូចជាហាងលក់គ្រឿងទេស Amazon Fresh។ ក្រុមហ៊ុន Amazon ក៏លក់កម្មវិធីសូហ្វវែរនេះ ឱ្យទៅអ្នកលក់រាយផ្សេងៗទៀតផងដែរ។

ក្រុមហ៊ុន Amazon បានទិញយកប៊្រែនហាង Whole Foods ដែលមានសាខាសរុបជាង៥០០ទីតាំងនេះ ក្នុងឆ្នាំ២០១៧ ហើយនេះគឺជាលើកទី១ ហើយដែលបច្ចេកវិទ្យានេះមាននៅហាងនេះ។ ក្រុមហ៊ុន Amazon បានប្រកាសកាលពីថ្ងៃពុធ ទី៨ កញ្ញា ថា ខ្លួននឹងធ្វើការស្ទាបស្ទង់ ហើយរង់ចាំមើលថាតើអតិថិជន មានប្រតិកម្មឆ្លើយតបបែបណាចំពោះបច្ចេកវិទ្យានេះ ហើយថា ខ្លួនគ្មានគម្រោងបំពាក់បច្ចេកវិទ្យានេះ នៅក្នុងហាង Whole Foods បន្ថែមទៀតឡើយនៅពេលដ៏ខ្លីខាងមុខនេះ។

កម្មវិធីសូហ្វវែរនេះ អនុញ្ញាតឱ្យអ្នកដើរទិញទំនិញចូល ក្នុងហាងដោយគ្រាន់តែ   ស្គែន QR Code ដែលមានក្នុង App របស់ Amazon ឬ Whole Foods ហើយប្រើកាមេរ៉ា និងស៊ិនស័រចាប់ចលនា ដើម្បីតាមដានថាតើផលិតផលណាខ្លះ ដែលអតិថិជនយកចេញពីធ្នើរ ហើយដាក់បន្ថែមចូលទៅក្នុងរទេះដាក់ទំនិញរបស់ពួកគេ។ នៅចុងបញ្ចប់ អតិថិជនត្រូវស្គែន QR Code ម្តងទៀតដើម្បីចាកចេញពីហាង ហើយទទួលបានបង្កាន់ដៃឌីជីថល។

ទោះជាយ៉ាងណា បច្ចេកវិទ្យានេះអាចប្រើបានសម្រាប់តែអតិថិជន ដែលមានគណនី Amazon ប៉ុណ្ណោះ ហើយអ្នកដើរទិញទំនិញ ដែលគ្មានគណនី Amazon នឹងត្រូវចូលបង់ប្រាក់នៅបញ្ជរ បង់ប្រាក់ដោយខ្លួនឯង (Self-checkout Stations)៕  CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here