Handover ceremony of Shanghai's donation of medical supplies to Cambodia to combat COVID-19
សុខុម
ភ្នំពេញ: ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ 3DMed Diagnostics ដែលមានមូលដ្ឋាននៅក្រុងសៀងហៃ ប្រទេសចិន បានផ្តល់ជំនួយសម្ភារៈបរិក្ខារពេទ្យគិតជាទឹកប្រាក់សរុបប្រមាណ២១៨.០០០ដុល្លារអាមេរិក ដល់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹង-វីរុសកូវីដ-១៩។
យោងតាមសារព័ត៌មាន PR Newswire ចុះផ្សាយកាលពីថ្ងៃទី១០ កញ្ញា ឱ្យដឹងថា ពិធីប្រគល់ជំនួយដ៏មានសារៈសំខាន់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ ទី៣ កញ្ញា នៅទីក្រុងសៀងហៃ។ ជំនួយសម្ភារៈបរិក្ខារពេទ្យសម្រាប់ការធ្វើតេស្ត ការពិនិត្យតាមដាន និងការធ្វើរោគវិនិច្ឆ័យវីរុសកូវីដ-១៩ នេះនឹងជួយឱ្យប្រទេសកម្ពុជា មានលទ្ធភាពគ្រប់គ្រងវិបត្តិកូវីដ-១៩ បានកាន់ប្រសើរជាងមុន។
-->
សហការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវមិនស្វែងរកប្រាក់ចំណេញ ក្រុមហ៊ុន 3DMed Diagnostics មានគោលបំណងជួយបង្កើនប្រសិទ្ធភាពរបស់មន្ទីរពិសោធន៍នេះនៅក្នុងការធ្វើតេស្ត និងការពិនិត្យតាមដានវីរុសកូវីដ-១៩ នៅកម្ពុជា។ បើធៀបជាមួយវិធីធ្វើតេស្តធម្មតាដែលប្រើរយៈពេលវែងពី៤ទៅ៥ម៉ោង ដំណោះស្រាយធ្វើតេស្តរហ័ស (Rapid Test) ដោយក្រុមហ៊ុន 3DMed Diagnostics អាចទទួលបានលទ្ធផលតេស្តលឿនដោយប្រើពេលត្រឹមតែ៧០នាទីប៉ុណ្ណោះ ដែលមានសារៈសំខាន់ណាស់សម្រាប់ការធ្វើតេស្តនៅទាំងប្រទេសកម្ពុជា។
ជំនួយបរិច្ចាគនេះក៏រួមបញ្ចូលទាំងឧបករណ៍ធ្វើតេស្ត ដែលមានសមត្ថភាពអាចរកឃើញវីរុសបំប្លែងខ្លួនថ្មី Delta និងវីរុសបំប្លែងខ្លួនថ្មីផ្សេងៗទៀតដែលនឹងជួយឱ្យអាជ្ញាធរសុខាភិបាលពិនិត្យ និងគ្រប់គ្រងការរីករាលដាលវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីបានដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាផងដែរ។
រដ្ឋាភិបាលកម្ពុជា កំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំនៅក្នុងការគ្រប់គ្រងស្ថានការណ៍ឆ្លងរីករាលដាលវីរុសកូវីដ-១៩ ខណៈករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីបានកើនឡើងគួរឱ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ។
ក្នុងពិធីប្រគល់ជំនួយនេះ លោក នាង សំរិទ្ធកុមា អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំក្រុងសៀងហៃ បានថ្លែងអំណរគុណប្រទេសចិន យ៉ាងជ្រាលជ្រៅចំពោះមិត្តភាពជាបងប្អូនដ៏ល្អ ហើយបានបង្ហាញជំនឿយ៉ាងមុតមាំថា កម្ពុជា នឹងអាចយកឈ្នះការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលវីរុសកូវីដ-១៩ ដ៏កាចសាហាវនេះដោយជោគជ័យ។
លោក Caifu Chen ប្រធានផ្នែកបច្ចេកវិទ្យានៅក្រុមហ៊ុន 3DMed Diagnostics បានថ្លែងថា ចាប់តាំងពីការផ្ទុះការរីករាលដាលវីរុសកូវីដ-១៩ មក ក្រុមហ៊ុនរបស់លោកបានបន្តជួយគាំទ្រដល់ប្រទេសជាង៦០ និងតំបន់នានានៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនេះ។
លោកបានបន្ថែមថា “យើងមានមោទនភាពដែលបានជួយគាំទ្រដល់កម្ពុជា អំឡុងពេលដ៏លំបាកបំផុតនេះ ហើយយើងសង្ឃឹមថា កម្ពុជា នឹងអាចយកឈ្នះលើការរីករាលដាលវីរុសនេះក្នុងពេលឆាប់ៗខាងមុខនេះ”៕