រដ្ឋាភិបាលគ្រោងនឹងបើកដំណើរការសកម្មសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីចាក់ វ៉ាក់សាំងបានគ្រប់គ្នា

0

ដោយៈលក្ខិណា

ភ្នំពេញៈ បន្ទាប់ពីរដ្ឋាភិបាលអនុញ្ញាតឱ្យបើកគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនរួច រដ្ឋាភិបាលក៏គ្រោងនឹងបើកដំណើរការ សកម្មភាពសេដ្ឋកិច្ចឡើងវិញតាមគន្លងថ្មី ហើយបន្ទាប់ពីវិស័យអប់រំ គឺវិស័យទេសចរណ៍ក្នុងស្រុក និងទេសចរដែលបានទទួលការចាក់វ៉ាក់សាំងរួច។ នេះបើតាមលោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយអនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៣កញ្ញា ២០២១កន្លងទៅនេះ ។

លោកបន្តថា “គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ប្រមាណ៩០ភាគរយ ធៀបនឹងគោលដៅ១០លាននាក់ និងកុមារអាយុចាប់ពី១២ដល់ក្រោម១៨ឆ្នាំ ប្រមាណ១,៤លាននាក់ធៀបនឹងគោលដៅប្រមាណ២លាននាក់”។ លោកបន្តថា “កម្ពុជានឹងបើកដំណើរការឡើងវិញ នូវគ្រឹះស្ថា​នសិក្សាសាធារណៈនិងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល ទាំងអស់នាពេលឆាប់ៗនេះ លើកលែងតែកម្រិតបឋមសិក្សា”។

លោកបានស្នើសុំឱ្យធនាគារពិភពលោក ពិចារណាឡើងវិញ លើលក្ខខណ្ឌ ឥណទាន ដែលមានកម្រិតសម្បទានខ្ពស់ដល់កម្ពុជា ដូចបណ្ដាដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងពន្យាពេលអនុវត្តលក្ខខណ្ឌឥណទានថ្មី ដើម្បីឱ្យកម្ពុជាមានលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធធំៗ សម្រាប់គាំទ្រការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យធនាគារពិភពលោកជួយកៀរគរធនធានជាហិរញ្ញប្បទានឥតសំណង សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ និងគាំពារសង្គមដូចជាគម្រោងអប់រំ អភិវឌ្ឍន៍ជំនាញនិងសុខាភិបាលជាដើម ដែលកំពុងមានតម្រូវការកាន់តែច្រើន ជាពិសេសក្នុងបរិការណ៍ក្រោយជំងឺកូវីដ១៩ ។

នៅថ្ងៃទី១៥ កញ្ញា២០២១ស្អែកនេះ អាជ្ញាធររាជធានីភ្នំពេញនឹងបើកដំណើរការសាលារៀនរដ្ឋ និងឯកជនឡើងវិញ ដោយអនុវត្តន៍ទៅតាមវិធានការការពារ របស់ក្រសួងសុខាភិបាល ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀនក្នុងសាលាឡើងវិញ។ ជាមួយគ្នានេះដែរ លោកគ្រូអ្នកគ្រូនិងសិស្សទាំងអស់ ក៏តម្រូវយកសំណាករកមេរោគកូវីដ១៩ជាមុនសិន មុនឹងអនុញ្ញាតចូលក្នុងសាលារៀន ហើយសិស្សដែលមិនទាន់ចាក់វ៉ាក់សាំង ក៏តម្រូវឱ្យនៅដាច់ឆ្ងាយពីគេដើម្បីការពារគាត់។ ចំណែកគ្រូមិនទាន់ចាក់វ៉ាក់សាំង ក៏មិនអនុញ្ញាតឱ្យចូលបង្រៀនផ្ទាល់ដែរ គឺតម្រូវឱ្យរៀនតាមអនឡាញដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here