ចំណេះដឹង​ថ្មីៈតើ​ត្រូវ​មាន​ឯកសារ​អ្វីខ្លះ​សម្រាប់​ចុះបញ្ជី​សារពើពន្ធ​សំរាប់វិស័យអចលនទ្រព្យ?

0

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ អ្នកជាប់ពន្ធ​ដែល​មាន​អចលនទ្រព្យ​ មានតម្លៃ​លើស​ពី១០០លាន​រៀល​ឡើង​ទៅ ត្រូវ​មាន​កាតព្វកិច្ច​ចុះបញ្ជី​នៅ​រដ្ឋា​បាល​សារពើពន្ធ​ ក្នុង​ភូមិសាស្ត្រ​ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ​ យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី៣០ខែកញ្ញា​នៃ​ឆ្នាំ​ជាប់ពន្ធ​។

យោង​តាម​កា​រស​ចក្តី​ប្រកាស​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ កាលពី​ឆ្នាំ​ ២០១០​ បានឱ្យ​ដឹង​ថា​ ការចុះបញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ​ អ្នកជាប់ពន្ធ​ត្រូវ​បំពេញ​ទម្រុ​ងចុះបញ្ជី​អចលនទ្រព្យ​ ដែល​បាន​ផ្តល់​ជូន​ដោយ​ឥតគិតថ្លៃ​ និង​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ថតចម្លង​ដូច​ខាងក្រោម​ ដូចជា​ ទី១​ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ សំបុត្របញ្ជាក់​កំណើត​ ឬលិខិតឆ្លងដែន​សម្រាប់​ជនបរទេស​ ទី២ សៀវភៅ​គ្រួសារ​ ឬសៀភៅ​ស្នាក់នៅ​ ឬលិខិតបញ្ជាក់​ទីលំនៅ​។

ទី៣​ បណ្ណ​សម្គាល់​សិទ្ធិ​ ឬបណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ ឬវិញ្ញា​បន​បត្រ​សម្គាល់​ម្ចា់ស់​អចលនវត្ថុ​ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី​ ឬឯកសារ​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​អចលនទ្រព្យ ​ដែល​បញ្ជាក់​ដោយ​អាជ្ញាធរ​ឃុំ​-សង្កាត់​ឡើង​ទៅ​។

នៅពេល​បាន​ចុះបញ្ជី​ អ្នកជាប់ពន្ធ​ត្រូវ​បាន​ទទួលលិខិត​បញ្ជាក់​ ពី​ការចុះបញ្ជី​ពន្ធ​លើ​ចលនទ្រព្យ​ ដែល​មានការ​ចុះ​លេខ​អត្តសញ្ញាណ​កម្ម​ពន្ធ​ លើ​អចលនទ្រព្យ​សម្រាប់​សម្គាល់​អចលនទ្រព្យ​នី​មួយ​ៗ ដែល​ចេញ​ដោយ​រដ្ឋបាល​សារពើពន្ធ​។ អ្នកជាប់ពន្ធ​ត្រូវ​ប្រើប្រាស់​លេខ​អត្តសញ្ញាណ​កម្ម​នេះ​ លើ​ឯកសារ​ទាក់ទិនទៅនឹង​ពន្ធ​លើ​អចលនទ្រព្យ​។ អចលនទ្រព្យ​ ដែល​បាន​ចុះបញ្ជី​រួចហើយ​ មិន​ត្រូវ​បាន​ចុះបញ្ជី​ឡើងវិញ​នៅ​ឆ្នាំ​បន្តបន្ទាប់​។

ក្នុងករណី​អចលនទ្រព្យ​ត្រូវ​បំបែក​ដើម្បី​លក់​ ឬផ្ទេរ​ ឬផ្តល់​ជាអំណោយ​ អ្នកជាប់ពន្ធ​ត្រូវ​ផ្តល់​ព័ត៌មាន​ជូន​រដ្ឋបាល​សារពើពន្ធ​ ដើម្បី​រៀបចំ​លេខ​អត្តសញ្ញាណ​កម្ម​ពន្ធ​ លើ​អច​ល​នទ្រព្យ​ជាថ្មី​ (ឧទាហរណ៍​ អ្នកជាប់ពន្ធ​ មាន​ដី​មួយ​កន្លែង​ ហើយ​ត្រូវ​បាន​ពុះ​ជា​ឡូ​តិ៍​ ដើម្បី​លក់​ ផ្ទេរ​ ឬផ្តល់​ជាអំណោយ​)៕ (propertyarea.asia)៕

LEAVE A REPLY

Please enter your comment!
Please enter your name here