សម្ដេចតេជោៈ កម្ពុជាត្រៀមបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលទទួលវ៉ាក់សាំងរួច និងធ្វើចត្តាឡីស័កតែ១អាទិត្យ

0

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ដើម្បីស្រោចស្រង់វិស័យទេសចរណ៍ឡើងវិញ កម្ពុជាគ្រោងនឹងបើកទទួ​លភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនានៅក្នុងប្រទេសកម្ពុជា សម្រាប់ភ្ញៀវដែលទទួលបានវ៉ាក់សាំងគ្រប់ដូស ហើយធ្វើចត្តាឡីស័កតែ៧ថ្ងៃប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងពីអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅថ្ងៃទី១៧កញ្ញា២០២១នេះ ។

សម្ដេចបានមានប្រសាសន៍ថា កម្ពុជាគ្រោងនឹងបើកឱ្យទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩រួចរាល់ ហើយធ្វើចត្តាឡីស័កតែ៧ថ្ងៃប៉ុណ្ណោះតែក្នុងអំឡុងពេលធ្វើចត្តាឡីស័កនោះ ក៏មិនមែនឃុំគាត់ឱ្យក្នុងបន្ទប់ទេ គឺអនុញ្ញាតឱ្យដើរទស្សនានៅតំបន់ដែលគាត់មកដល់។ ឧទាហរណ៍ថា គាត់ចុះចតនៅភ្នំពេញ ដូច្នេះក្នុងអំឡុងពេលគាត់ធ្វើចត្តាឡីស័ក គាត់អាចដើរទស្សនារមណីយដ្ឋាន នៅក្នុងរាជធានីភ្នំពេញ និងគោរពតាមវិធានការ ហើយបន្ទាប់ពី៧ថ្ងៃនៃចត្តាឡីស័ក គាត់អាចធ្វើដំណើរទៅកាន់ខេត្តផ្សេងៗបាន ។

សម្ដេចមានប្រសាសន៍ “វិស័យសេវាកម្មទេសចរណ៍នេះ គឺមានសារសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចនៃប្រទេសនីមួយៗ ហើយប្រទេសកម្ពុជាក៏ដូចគ្នាដែរ ទេសចរណ៍បានជួយដល់សេដ្ឋកិច្ច និងចំណូលពលរដ្ឋនិងចំណូលជាតិច្រើន”។សម្តេចបន្ថែមថា “ដូច្នេះយើងត្រូវគិតគូរលើបញ្ហានេះ។ ជាជំហានដំបូងយើងក៏នឹងបើកទេសចរណ៍ ក្នុងស្រុកជាមុនសិនផងដែរ ពីព្រោះ យើងសង្កេតឃើញថាពលរដ្ឋក្នុងស្រុកយើង ក៏មានការចាយវាយច្រើនដែរ ហើយចាយចង់ច្រើនជាងភ្ញៀវជនបរទេសទៅទៀត”។

សម្ដេចបន្ថែមថា សម្រាប់អ្នកបម្រើសេវាកម្មទេសចរណ៍វិញ បើមិនទាន់បានចាក់សាំងទេ ក៏យើងនឹងមិនអនុញ្ញាតឱ្យបម្រើសេវាកម្មនោះដែរ ដូចជាមគ្គុទេសក៏ទេសចរណ៍ជាដើម បើមិនចាក់វ៉ាក់សាំងទេក៏មិនអនុញ្ញាតឱ្យនាំភ្ញៀវតាមរមណីយដ្ឋានដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here