ដោយ សុជាតា
ក្រុងព្រះសីហនុៈ ការរីកចំរើននៃវិស័យសំណង់ និង នគរូបនីយកម្មនៅខេត្តព្រះសីហនុ យ៉ាងឆាប់រហ័សនៅរយៈពេល៥ឆ្នាំចុងក្រោយនេះ ទាមទារអោយរដ្ឋាភិបាលត្រូវគិតគូរអភិវឌ្ឍរចនាសម្ពន្ធបន្ថែមទៀត ជាពិសេសគម្រោងអភិវឌ្ឍអាងទឹកកខ្វក់ ដើម្បីទប់ស្កាត់ការហូរចូលទឹកកខ្វក់ ទៅផ្ទៃសមុទ្រដែលប៉ះពាល់ដល់បរិស្ថាន។

-->
នៅថ្ងៃទី១៧ ខែកញ៉ា ឆ្នាំ ២០២១ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីគម្រោងអភិវឌ្ឍទឹកកខ្វក់ដំណាក់កាលទីបី ដោយលើកឡើងថា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះ (PS3) សាងសង់លើផ្ទៃដីទំហំ១,១២ ហិកតា ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ២០.០០០ ម៉ែត្រគូបក្នុង១ថ្ងៃ។
ខេត្តព្រះសីហនុ មានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ចំនួនពីរកន្លែងរួចហើយ ដែលកន្លងមកបានដាក់ឱ្យដំណើរការជោគជ័យ ដោយអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ (PS1) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងបរិមាណ៥.២០០ម៉ែត្រគូបក្នុង១ថ្ងៃ។

អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) ស្ថិតនៅភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងបរិមាណ ៧.២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ ទឹកកខ្វក់ ក្រោយពីឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្មរួច វានឹងក្លាយជាទឹកមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រនោះទេ។

លោកគួច ចំរើនបានលើកឡើងបន្ថែមទៀតថា តាមរយៈការសាងសង់អាងប្រព្រឹត្តិកម្មនេះ គឺដើម្បីបញ្ចៀសទឹកកខ្វក់ហូរ ចូលដោយផ្ទាល់ទៅក្នុងសមុទ្រ និងការពារបរិស្ថាន ធ្វើឱ្យទីក្រុងរបស់យើងស្អាត និងមានភាពបៃតង៕