ដោយៈគង់ សូរិយា
ភ្នំពេញៈ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI) នៅតែមានភាពតានតឹងសម្រាប់កម្ពុជានៅឆ្នាំនេះ ហើយវាត្រូវការរយៈពេលវែង ដើម្បីឲ្យអ្វីៗវិលមករកសភាពធម្មតាឡើងវិញ។
ដោយៈគង់ សូរិយា
ភ្នំពេញៈ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI) នៅតែមានភាពតានតឹងសម្រាប់កម្ពុជានៅឆ្នាំនេះ ហើយវាត្រូវការរយៈពេលវែង ដើម្បីឲ្យអ្វីៗវិលមករកសភាពធម្មតាឡើងវិញ។
អ្នកស្រីអាន សុធីតាអ្នកជំនាញ និងវិភាគពីវិស័យអចលនទ្រព្យបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមនៅរសៀលថ្ងៃទី១៧ កញ្ញានេះថា រហូតមកទល់ពេលនេះយើងមិនទាន់ឃើញមានសញ្ញាវិជ្ជមាននៅឡើយ សម្រាប់ឆ្នាំ២០២១នេះ។ ស្ថានភាពនេះនឹងអាចអូសបន្លាយដល់ឆ្នាំ២០២២ ឬ២០២៣ទើបលំហូរFDI ហូរចូលមកកម្ពុជាជាថ្មី និងទាមទាររយៈពេលវែងទៀត ទម្រាំស្ថានភាពវិលត្រលប់មកដូចដើមវិញ។
អ្នកស្រីបន្តថា “ក្នុងស្ថានភាពនេះ អ្នកវិនិយោគបរទេសពួកគេនៅតែមានការលំបាក និងភ័យខ្លាចលើជំងឺកូវីដឆ១៩ ដែលធ្វើឲ្យពួកគេមិនទាន់សម្រេចចិត្ត វិលត្រលប់មកកាន់កម្ពុជា”។
ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា អ្នកវិនិយោគបរទេស ពិសេសអ្នកវិនិយោគចិននឹងមកកាន់កម្ពុជា សារជាថ្មីនៅឆ្នាំ២០២២ខាងមុខនេះ ស្របពេលស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ជូនប្រជាពលរដ្ឋបានល្អប្រសើរ និងស្ថានភាពជំងឺកូវីដ១៩ អាចនឹងមានភាពប្រសើរឡើងលើពិភពលោក។
លោកបន្តថា “និន្នាការវិនិយោគរបស់ចិននៅកម្ពុជា ពួកគេវិនិយោគធ្វើឡើងជារបៀបសហគមន៍ ដោយពួកគេបានជ្រើសរើសយកក្រុងព្រះសីហនុ និងរាជធានីភ្នំពេញធ្វើជាមូលដ្ឋានវិនិយោគរយៈពេលវែងរបស់ពួកគេនៅកម្ពុជា”។
ទោះជាយ៉ាងណា លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ពេលនេះអ្នកវិនិយោគចិន បានចាប់ផ្តើមមកកាន់កម្ពុជាបណ្តើរៗហើយ ដោយសារដំណើរទស្សនកិច្ចរបស់ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោកវ៉ាង យីបានមកទស្សនកិច្ចនៅកម្ពុជា។
លោកបន្តថា “ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែក្នុងទិដ្ឋភាពសេដ្ឋកិច្ចក៏ជាសញ្ញាល្អប្រសើរ ដោយផ្តល់ឲ្យអ្នកវិនិយោគបរទេស ពិសេសអ្នកវិនិយោគចិនកាន់តែមានទំនុកចិត្ត វិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត”៕