ដោយៈលក្ខិណា
ភ្នំពេញៈ ដើម្បីក្លាយជាសហគ្រិនដ៏ជោគជ័យម្នាក់ មិនមែនជារឿងមួយងាយស្រួលនោះទេ វាត្រូវការពេលវេលា និងកត្តាច្រើនយ៉ាង ដែលអាចរុញអ្នកទៅកាន់វិថីនៃភាពជោគជ័យបាន។
ដោយៈលក្ខិណា
ភ្នំពេញៈ ដើម្បីក្លាយជាសហគ្រិនដ៏ជោគជ័យម្នាក់ មិនមែនជារឿងមួយងាយស្រួលនោះទេ វាត្រូវការពេលវេលា និងកត្តាច្រើនយ៉ាង ដែលអាចរុញអ្នកទៅកាន់វិថីនៃភាពជោគជ័យបាន។
នៅក្នុងនោះ ក្រៅពីជំនាញនៅក្នុងការបង្កើតនូវអ្វីដែលថ្មីហើយ សហគ្រិនក៏ត្រូវការភាពរឹងមាំ និងភាពខ្លាំងពីខាងក្នុង ដើម្បីក្លាយខ្លួនជាសហគ្រិនជោគជ័យ នៅក្នុងវិស័យរបស់ខ្លួនផងដែរ។
ចំណុចត្រួសទី៩ ដែលចងក្រងដោយសហគ្រិនខ្មែរ អាចជាគន្លឹះមួយទុកជាដើមទុនសម្រាប់ក្លាយខ្លួនជាសហគ្រិន ដែលវៃឆ្លាតនិងជោគជ័យ ។
១.ការលើកទឹកចិត្ត
ទោះបីជាសហគ្រិនពូកែទាំងនោះ មើលទៅខិតខំប្រឹងប្រែងយ៉ាងខ្លាំងជាមួយការងាររបស់ពួកគាត់ ក៏ពួកគាត់មិនដែលភ្លេចនោះទេ នៅក្នុងការលើកទឹកចិត្តអ្នកក្រោមបង្គាប់ រួមទាំងរូបគាត់ផ្ទាល់ផងដែរ នៅក្នុងការបំពេញការងារប្រចាំថ្ងៃ។ ជាពិសេសគាត់ត្រូវតែបង្ហាញភាពជាគំរូនៃការតស៊ូ ប្រឹងប្រែងបំពេញការងារទៅដល់បុគ្គលិក តាមរយៈសកម្មភាពរបស់គាត់។
២.ភាពច្នៃប្រឌិត
ការខិតខំប្រឹងប្រែងមួយមុខ មិនគ្រប់គ្រាន់នោះទេ។ ប្រសិនបើអ្នកដឹកនាំគ្មានភាពច្នៃប្រឌិត ក៏មុខជំនួញមិនអាចបន្តទៅមុខ ក្នុងសម័យកាលដ៏ទំនើបមួយនេះដែរ។ ដូច្នេះ សហគ្រិនត្រូវមានភាពច្នៃប្រឌិត នៅក្នុងការព្យាយាមបង្កើតនូវអ្វីដែលថ្មី ដើម្បីជំរុញឲ្យការងារមានភាពរលូនជាងមុន។ មួយវិញទៀត ពួកគាត់ក៏ត្រូវជំរុញឲ្យបុគ្គលិកហ៊ានបញ្ចេញគំនិត ក្នុងការបង្កើតនូវអ្វីដែលថ្មីៗ សម្រាប់អភិវឌ្ឍការងារផងដែរ។
៣ ចេះបញ្ចុះបញ្ចូល
ពិតណាស់អាជីវកម្មនីមួយៗ តែងតែត្រូវការនូវអ្នកគាំទ្ររួមមានអតិថិជន ឬដៃគូសហការនានា ក៏ដូចជាបុគ្គលិកផងដែរ ដូច្នេះវាត្រូវការសហគ្រិន ឬអ្នកដឹកនាំ ដែលមានភាពវៃឆ្លាតនៅក្នុងការបញ្ចុះបញ្ចូល លើកដាក់ ថ្លឹងថ្លែង ដើម្បីឲ្យការងាររបស់ពួកគេមានដំណើរការល្អ។
៤. មានចក្ខុវិស័យខ្ពស់
ចក្ខុវិស័យ គឺជាការសម្លឹងមើលភាពវែងឆ្ងាយ និងអនាគតនៃអាជីវកម្មមួយ ដែលវាជាផ្នែកមួយ នៃការកំណត់អនាគតរបស់អាជីវកម្ម។ សម្រាប់សហគ្រិន ដែលមានគំនិត និងចក្ខុវិស័យធំ តែងតែបង្កើតនូវផែនការយុទ្ធសាស្ដ្រស៊ីជម្រៅ និងដែលអាចសម្រេចបានតាមកាលវេលាកំណត់ ហើយត្រូវប្រាកដថាអាជីវកម្ម នឹងមានភាពរីកចម្រើនជាលំដាប់។
៥. មានភាពអធ្យាស្រ័យ
ជាធម្មតា មិនថាធ្វើកិច្ចការងារអ្វីនោះទេ កំហុសតែងតែមាន ភាពបរាជ័យ និងជោគជ័យក៏មានដែរ។ នៅក្នុងការធ្វើអាជីវកម្មក៏ដូចគ្នា វាមានមនុស្សជាច្រើនសហការគ្នា ដើម្បីឲ្យដំណើរការអាជីវកម្មមានភាពរលូន។
៦. ចេះបត់បែន
នៅក្នុងការធ្វើការងារជាក្រុម កត្តាសំខាន់បំផុត គឺភាពចេះបត់បែនរបស់បុគ្គលម្នាក់ៗ ទៅតាមកាលៈទេសៈណាមួយ ដែលស្ថាប័នទាំងមូលនឹងត្រូវជួបប្រទះ។
៧. មិនចេះតែដាច់អហង្ការគ្រប់ពេល
ជាសហគ្រិនត្រូវចេះបត់បែនទៅតាមកាលៈទេសៈ និងមានគំនិតល្អសម្រាប់អភិវ ឌ្ឍអាជីវកម្ម។ អ្នកមិនត្រូវធ្វើខ្លួនដាច់អហង្ការ មិនយកគំនិតអ្នកដទៃនោះទេ។ អ្នកត្រូវចេះបត់បែនដោយ ផ្ដើមចេញពីការចេះ បើកចិត្តទទួលគំនិតរបស់អ្នកដទៃមកគិត ប្រមូលផ្ដុំ និងជ្រើសរើសនូវគំនិត ដែលល្អមកអភិវឌ្ឍអាជីវកម្ម ព្រោះគំនិតច្រើនតែងតែគិតបានគ្រប់ជ្រុងជ្រោយជាងគំនិតមនុស្សតែម្នាក់។
៨.មិនចេះរារែក
ការធ្វើការងារអ្វីក៏មានផលលំបាក និងសម្ពាធរបស់វាដែរ កត្តាសំខាន់បំផុតគឺអ្នកត្រូវចេះតស៊ូ អត់ធ្មត់ នៅក្នុងការធ្វើវា នោះភាពជោគជ័យនឹងមកដល់ដៃអ្នក គ្រាន់តែត្រូវការពេលវេលាបន្តិច។ ក្នុងបញ្ហានេះ អ្នកត្រូវដឹងថាអ្វីដែលសំខាន់ អ្វីគួរធ្វើអ្វីមុន មិនថាអ្នកក៏មិនត្រូវរារែកអ្វីឡើយ មានបញ្ហា គឺ មានដំណោះស្រាយ។
៩. ចេះសហការ
មិនមាននរណាម្នាក់ ដែលអាចសម្រេចនូវកិច្ចការអ្វីមួយ បានដោយឯកឯងរហូតនោះទេ មិនថាការងារនោះតូចឬធំឡើយ ដូច្នេះសម្រាប់សហគ្រិន ដែលជោគជ័យ ពួកគាត់គឺជាមនុស្ស ដែលពូកែនៅក្នុងការសហការជាមួយអ្នកដទៃ មិនថានៅក្នុងក្រុម ឬក្រៅនោះទេ៕