សម្តេចតេជោៈទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឲ្យស្គាល់ប្រទេសខ្លួនឯងកាន់តែច្បាស់

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសលើកទឹកចិត្តឱ្យពលរដ្ឋ ទៅកម្សាន្តតាមតំបន់ទេសចរណ៍ធម្មជាតិ នៅតាមសហគមន៍ ដែលរៀបចំបានល្អ ដើម្បីឲ្យបងប្អូនអាច “ស្គាល់ប្រទេសខ្លួនឯង”និងបានស្គាល់រមណីយដ្ឋានធម្មជាតិរបស់កម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់តម្លៃនៃធនធានធម្មជាតិរបស់កម្ពុជា គឺជាសម្បត្តិទ្រព្យដែលដូនតាយើង បានបន្សល់ទុកសម្រាប់កូន ចៅជំនា​ន់​ក្រោយ បានស្គាល់ បានសិក្សាស្រាវជ្រាវ ចូលរួមការពារនិងអភិរក្សសម្រាប់ប្រយោជន៍កូនចៅខ្មែរតជំនាន់។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីស្មារតីស្នេហាជាតិរបស់ប្រជាជនកម្ពុជា ដែលពីមុនមកមិនទាន់ស្គាល់មាតុភូមិដ៏ស្រស់បំព្រង និងមានមោទកភាព ដែលកម្ពុជាមានសម្បត្តិធម្មជាតិទាំងអស់នេះ កើតឡើងដោយសារ សន្តិភាព និងស្ថេរភាពនយោបាយ តាមរយៈនយោបាយឈ្នះឈ្នះនៃការបង្កើតនិងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រយៈពេលជាង២០ឆ្នាំកន្លងមក។

ទិដ្ឋភាពដែលកូនខ្មែរមានការចងចាំ មុនឆ្នាំ១៩៩៨ ប្រជាពលរដ្ឋ មិនអាចដើរកម្សាន្តតាមព្រៃភ្នំ ស្ងប់ស្ងាត់ ស្តាប់សំលេងសត្វ ទឹកជ្រោះ ឬក៏សម្រាកលំហែរកាយ ញាំអាហារ កម្សាន្តជាមួយគ្រួសារ មិត្តភក្ត តាមតំបន់ធម្មជាតិឆ្ងាយៗ ដូចបច្ចុប្បន្នឡើយ។ ការចូលព្រៃនាពេលនោះ មិនទាន់មានការបង្រួបបង្រួមជាតិ មានតែការភ័យខ្លាចជាមួយគ្រាប់កាំភ្លើង គ្រាប់មីន និងអសន្តិសុខជាដើម។

ការផ្លាស់ប្តូរនៅពេលកម្ពុជាមានសន្តិភាពពេញលេញ ផ្តល់ឱកាសឲ្យប្រជាជនកម្ពុជាបានស្គាល់«សម្រស់ស្រុកយើង គឺបានស្គាល់ប្រទេសខ្លួនឯងកាន់តែច្បាស់ និងបានស្គាល់ពីតម្លៃ នៃធនធានធម្មជាតិសម្បូរបែបនៅក្នុងមាតុភូមិកម្ពុជា។

កូនខ្មែរកាន់មានមោទកភាពនៅពេលក្លាយជា ម្ចាស់ទឹកដី ទទួលមរតកពីដូនតា ល្បីរន្ទឺលើពិភពលោក ដូចជាតំបន់ប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ តំប​​ន់ប្រាសាទព្រះវិហារ តំបន់ប្រាសាទសំបូរព្រៃគុក ដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោក ហើយកម្ពុជានៅមានតំបន់ឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់រ៉ាមសារ តំបន់បេតិកភណ្ឌធម្មជាតិ និងតំបន់ការពារធម្មជាតិនានាផ្សេងទៀត។

ការជំរុញទេសចរណ៍ធម្មជាតិ ជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្តល់ជម្រើសថ្មី មុខរបរថ្មី បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងកាត់ផ្តាច់មុខរបររបស់ប្រជាពលរដ្ឋ មួយចំនួនដែលពឹងអាស្រ័យទាំងស្រុងលើធម្មជាតិពោល គឺកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វ ដូចពេលមុនរបស់ប្រជាពលរដ្ឋ រស់នៅតាមតំបន់ធម្មជាតិ។

ក្រសួងបរិស្ថានបានចាត់ទុកថា នេះគឺជាយន្តការដែលមានប្រសិទ្ធភាព និងមាននិរន្តរភាពសម្រាប់កិច្ចការពារ និងអភិរក្សធនធនធម្មជាតិ បន្ថែមពីការការប្រកាន់ខ្ជាប់នូវការអនុវត្តច្បាប់ និងការបណ្តុះស្មារតីស្រឡាញ់មាតុភូមិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here