ដោយវុត្ថា
ភ្នំពេញ៖ ជាមួយនឹងគោលនយោបាយ នៃការធ្វើវិជ្ឈការដោយផ្តល់អំណាចដល់ថ្នាក់ក្រោមជាតិ ក្រសួងមហាផ្ទៃបានផ្តល់សិទ្ឋអំណាចដល់អាជ្ញាធរថ្នាក់ស្រុក ខ័ណ្ឌអាចផ្តល់អាជ្ញាប័ណ្ណសាងសង់ដល់ប្រជាពលរដ្ឋកម្ពុជាហើយ។
ប្រជាពលរដ្ឋអាចសុំច្បាប់សាងសង់ តាមអង្គភាពច្រកចេញ ចូល តែមួយតាមប ណ្តាក្រុង ស្រុក ខណ្ឌ បានហើយនៅទូទាំងប្រទេសកម្ពុជា ចាប់ពីបំណាច់ខែសីហានេះ។
-->
ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ បានចេញលិខិតលេខ ១៤៧២លស ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើរជូនឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្តស្ដីពីសំណើសុំដាក់ចេញដីការធ្វើប្រតិភូកម្មមុខងារ ក្នុងការផ្ដល់លិខិតអនុញ្ញាតសាងសង់លំនៅឋាន ដែលមានផ្ទៃក្រឡាសំណង់មិនលើសពី៥០០ម៉ែត្រការ៉េ និងកម្ពស់មិនលើសពី៤ជាន់ទាំងជាន់ផ្ទាល់ដី (E0 E1 E2 E3) ជូនដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។
ការធ្វើប្រតិភូកម្មនេះ នឹងទទួលបានការស្វាគមន៍ពីអាជ្ញាធរថ្នាក់ក្រោមជាតិ និងអនុញ្ញាត្តឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិអាចទទួលបានថវិកាមួយចំនួន ដើម្បីប្រើប្រាស់ក្នុងការអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន។

អ្នកតាមដានការវិវត្តន៍សេដ្ឋកិច្ចសង្គមឯករាជ្យមួយរូប បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការផ្ទេរអំណាចមួយចំនួនដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ពិតជារឿងល្អប្រសើរ ដើម្បីពួកគេទទួលបានថវិកាយកមកអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋានរបស់ពួកគេ ប៉ុន្តែទោះជាយ៉ាងណា តាមរយៈគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការដែបានអនុវត្តន៍កន្លងមក ដូចជា ការផ្ទេរអំណាចដល់អាជ្ញាធរឃុំ សង្កាត់កន្លងមកហាក់ទទួលបានប្រសិទ្ឋិភាពនៅមានកម្រិត។ ឧទាហរណ៍ ការផ្ទេរអំណាចដល់មូលដ្ឋានឃុំ សង្កាត់ និងមានកញ្ចប់ថវិកាមួយចំនួន ដើម្បីអភិវឌ្ឍន៍នៅមូលដ្ឋានអាជ្ញាធរឃុំ សង្កាត់មិនបានប្រើប្រាស់មូលនិធិនោះបានត្រឹមត្រូវ និងសមស្របនឹងគោលបំណងពិតនៃគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការនោះទេ។
លោកបន្តថា “ហេតុនេះការគ្រប់គ្រង តាមដាននៃការប្រើប្រាស់មូលនិធិសាធារណៈរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ គួរស្ថិតក្នុងការត្រួតពិនិត្យឲ្យបានច្បាស់លាស់ ដើម្បីបំរើឲ្យចំទិសដៅ និងគោលនយោបាយរបស់រដ្ឋាភិបាលដឺលបានដាក់ចេញ”។លោកបន្តថា “ក្រសួងមហាផ្ទៃក៏គួរកំណត់ពេលវេលាច្បាស់លាស់មួយ ដើម្បីធ្វើយ៉ាងណាឲ្យនិតិវិធីអនុវត្តន៍ការងារនៅការិយាល័យច្រកចេញចូលតែមួយ បានប្រព្រឹត្តិទៅដោយរលូន”។
សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃធ្លាប់បានថ្លែងថា រដ្ឋាភិបាលគ្រោងបង្កើតការិយាល័យច្រកចេញចូលតែមួយ និងរៀបចំទីក្រុងនៅតាមស្រុក និងឃុំនិមួយៗទូទាំងប្រទេស ដើម្បីជំរុញការផ្តល់សេវាដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងបង្កើនល្បឿននៃការអភិវឌ្ឍនៅតាមមូលដ្ឋានកាន់តែឆាប់រហ័ស និងមានប្រសិទ្ឋិភាពខ្ពស់៕