ដោយៈលក្ខិណា
ភ្នំពេញៈ ការវិនិយោគលើភាគហ៊ុន ត្រូវពិនិត្យទៅលើច្រើនកត្តា មុននឹងសម្រេចចិត្តជ្រើសយកភាគហ៊ុនណាមួយ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់។ ខាងក្រោមនេះ ជាកត្តាមួយចំនួនដែល អ្នកគួរពិចារណាមុនសម្រេចចិត្តទិញភាគហ៊ុនណាមួយ។
១. កត្តាសេដ្ឋកិច្ច
ភាគហ៊ុនងាយរងឥទ្ធិពលពីកត្តាផ្នែកខាងក្រៅ (External Factors) ណាស់ ហើយកត្តាសេដ្ឋកិច្ច ឬបញ្ហាផ្សេងៗនៅក្នុងប្រទេស អាចជះឥទ្ធិពលដល់តម្លៃហ៊ុនឲ្យឡើងឬចុះបានយ៉ាងងាយ។ ជាក់ស្តែងក្នុងរដូវកាលកូវីដ១៩នេះ តម្លៃហ៊ុនទូទាំងពិភពលោកបានធ្លាក់ចុះ ដែលធ្វើឱ្យអ្នកវិនិយោគជាច្រើនមានការព្រួយបារម្ភ។ ប៉ុន្តែវាអាចជាឱកាសល្អសម្រាប់អ្នកដែលចង់ទិញភាគហ៊ុនក្នុងតម្លៃថោកទៅវិញ។
២. របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
ក្រៅពីសង្កេតមើលកត្តាខាងក្រៅហើយ អ្នកគួរពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអ្នកចាប់អារម្មណ៍។ របាយការណ៍នេះ អាចផ្តល់ព័ត៌មានសំខាន់ៗជាច្រើនទាក់ទងនឹងក្រុមហ៊ុន ដើម្បីជាជំនួយដល់ការសម្រេចចិត្តរបស់អ្នក។ អ្នកអាចពិនិត្យមើលថាតើក្រុមហ៊ុនចំណេញ ឬខាត ប៉ុន្មានក្នុងមួយឆ្នាំៗ ឬក្រុមហ៊ុនមានទ្រព្យសម្បត្តិ ឬបំណុលចំនួនប៉ុន្មាន។ល។
-->
៣. សន្ទុះនៃការរីកចម្រើនរបស់ក្រុមហ៊ុន
មិនថាអ្នកចង់ទិញភាគហ៊ុនលក់(ជួញដូរ) ឬទិញទុករយៈពេលយូរនោះទេ អ្នកគួរតែស្វែងយល់បន្ថែមអំពី ក្រុមហ៊ុននោះ ជាពិសេសទៅលើការរីចម្រើនរបស់គេ។ ការរីកចម្រើននេះ អាចមើលទៅលើប្រាក់ចំណេញ ឬកេរ្តិ៍ឈ្មោះ (Brand name) របស់ក្រុមហ៊ុននោះ ព្រោះភាគហ៊ុនមួយអាចផ្តល់ភាគលាភ (dividend) បាន លុះត្រាតែក្រុមហ៊ុននោះមានប្រាក់ចំណេញ ឬ ប្រសិនបើក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្អ ក៏វាអាចងាយស្រួលក្នុងការលក់ភាគហ៊ុនបានក្នុងតម្លៃខ្ពស់ ដែលវាអាចជួយកាត់បន្ថយកម្រិតហានិភ័យបានមួយចំណែកដែរ។
៤. ស្ថេរភាពរបស់ក្រុមហ៊ុន
ក្នុងន័យនេះ ស្ថេរភាពរបស់ក្រុមហ៊ុនសំដៅទៅលើបែបបទ នៃការគ្រប់គ្រងរបស់ក្រុមហ៊ុន និងដំណើរការ (តើអាចបន្តទៅមុខទៀតបាន ឬទេ)។ ក្រៅពីនោះ អ្នកអាចស្វែងរកបន្ថែម នូវព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលបានចុះផ្សាយជាសាធារណៈ (ទ្រព្យសម្បត្តិ បំណុល ប្រាក់ចំណេញប្រចាំឆ្នាំជាដើម) ដើម្បីដឹងពីលទ្ធភាពដែលក្រុមហ៊ុនអាចបន្តអាជីវកម្មទៅមុខ។
៥. សិក្សាបន្ថែមពីការវិនិយោគ
លើសពី៤ចំណុចខាងលើ យ៉ាងហោចណាស់ អ្នកគួរតែស្វ័យសិក្សាពីមូលដ្ឋានគ្រឹះមួយចំនួនអំពីការវិនិយោគ ដូចជា ការវិភាគសមាមាត្រសំខាន់ៗ រួមមាន P/E ratio, Return on Equity ratio, Earnings per share ជាដើម ដែលសុទ្ធសឹងជាកត្តាគួរពិចារណាថាភាគហ៊ុនមួយណា មានកម្រិតហានិភ័យអាចទទួលយកបាន និងអាចផ្តល់ផលចំណេញមកវិញខ្ពស់។
បន្ថែមពីនេះ អ្នកគួររតែសិក្សាឱ្យច្បាស់ផងដែរអំពីច្បាប់ និងក្រឹត្យក្រមផ្សេងៗក្នុងការវិនិយោគដែលមានចែង ជៀសវាងមានបញ្ហានាពេលក្រោយ៕