ដោយៈជេស៊ីកា
ព្រះសីហនុៈ កំនើនភ្ញៀវទេសចរណ៍ក្នុងស្រុករបស់កម្ពុជា បានបង្ហាញសញ្ញាវិជ្ជមាន ស្របពេលបុណ្យឈប់សំរាកភ្ជុំបិណ្ឌ និងថ្ងៃចុងសប្តាហ៍កន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ក្នុងស្រុកដើរទស្សនាកំសាន្តប្រមាណ៩០ម៉ឺននាក់។
ដោយឡែកខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរណ៍ចំនួន៨០,៥២០នាក់ កើនឡើង២១,១៥ភាគរយ ក្នុងនោះភ្ញៀវជាតិ៧៨.០៧១នាក់ កើនឡើង២០,២៣ភាគរយ ភ្ញៀវបរទេសសរុប២.៤៤៨នាក់ កើនឡើង៥៩,០៦ភាគរយ។
នេះបើយោងតាមរបាយការណ៍៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលគិតត្រឹមចន្លោះថ្ងៃទី៥ ដល់៧តុលាកន្លងមកនេះ។
របាយការណ៍ដដែលបានបង្ហាញថា ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប១.២៤២នាក់ ថយចុះ២៣,១៩ភាគរយ ក្នុងនោះភ្ញៀវជាតិ៧៧១នាក់ ថយចុះ៣៩,២៤ភាគរយ។ ភ្ញៀវបរទេស៤៧១នាក់ កើនឡើង៣៥,៣៤ភាគរយ។
លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមកាលពីថ្ងៃទី១១ តុលាកន្លងមកថា សកម្មភាពភ្ញៀវទេសចរណ៍បានកើនឡើង ពិសេសភ្ញៀវក្នុងស្រុក ដែលបានធ្វើឲ្យសកម្មភាពអាជីវកម្មមួយចំនួន បានដំណើរការឡើងវិញ ខណៈដែលសកម្មភាពវិនិយោគលើវិស័យនានា ពិសេសសកម្មភាពសាងសង់សំណង់នានា នៅមិនទាន់មានសកម្មភាពផុសផុលនៅឡើយទេ។
លោកបន្តថា “បច្ចុប្បន្នរដ្ឋបាលខេត្តកំពុងរង់ចាំមើលលទ្ឋផល នៃការអង្កេតលើការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែបើស្ថានភាពអ្វីៗល្អប្រសើរ យើងរំពឹងថាសកម្មភាពវិនិយោគ និងអាជីវកម្មនានានឹងចាប់ផ្តើមមានដំណើរការប្រសើរឡើង”៕