ដោយៈសុខុម
បន្ទាយមានជ័យ: វាពិតជាមោទនភាពណាស់ ដែលគម្រោងស្ថានីយថាមពលសូឡានៅខេត្តបន្ទាយមានជ័យ ទទួលបានពានរង្វាន់ឆ្នើម “Best New Utility of Its Kind” ប្រចាំឆ្នាំ២០២១ ពីទស្សនាវដ្ដីដ៏ល្បីល្បាញ International Finance Magazine របស់អង់គ្លេស។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីប៉ុន្មានថ្ងៃមុននេះ។
ស្ថានីយថាមពលសូឡាកម្លាំង៣៩មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យនេះត្រូវបានដំឡើង ដោយក្រុមហ៊ុនពហុជាតិសាសន៍ B.Grimm Power Plc ហៅកាត់ BGRIM ដែលមានមូលដ្ឋាននៅក្រុងបាងកក ប្រទេសថៃ ហើយការទទួលបានពានរង្វាន់នេះ ឆ្លុះបញ្ចាំងពីបច្ចេកវិទ្យាដ៏ទំនើប ដែលក្រុមហ៊ុនបានបំពាក់នៅស្ថានីយខាងលើ និងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអភិវឌ្ឍថាមពលស្អាតសម្រាប់អនាគតកាន់តែប្រសើរ។
លោក Harald Link ប្រធានក្រុមហ៊ុនBGRIM បានកោតសរសើរថា គម្រោងស្ថានីយសូឡានេះ គឺជាជោគជ័យមួយដ៏គួរឱ្យភ្ញាក់ផ្អើល ព្រោះគម្រោងនេះត្រូវបានបញ្ចប់ជាស្ថាពរតាមពេលកំណត់ ទោះបីជាមានវិបត្តិកូវីដ-១៩ និងគ្រោះធម្មជាតិកើតឡើងនៅតំបន់សាងសង់ស្ថានីយនេះក្នុងឆ្នាំ២០២០ក្ដី។
លោកបានបន្ថែមទៀតថា “ពានរង្វាន់នេះឆ្លុះបញ្ចាំង ពីជំនាញរបស់ក្រុមហ៊ុន BGRIM ក្នុងអាជីវកម្មថាមពលសូឡា ដែលក្រុមហ៊ុនបានត្រៀមខ្លួនពង្រីក ដើម្បីគ្របដណ្តប់លើវិស័យរដ្ឋ និងឯកជនទាំងក្នុង និងក្រៅប្រទេស”។
អគ្គិសនីដែលបានពីស្ថានីយថាមពលសូឡានេះ បាននិងកំពុងផ្គត់ផ្គង់ដល់បណ្តាញបញ្ជូនអគ្គិសនីរបស់អគ្គិសនីកម្ពុជា (EDC) ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងរយៈពេល២០ឆ្នាំ។ វាជាគម្រោងថាមពលសូឡាដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបានការធានា ការផ្គត់ផ្គង់ថាមពលពីរាជរដ្ឋាភិបាលកម្ពុជា។
គម្រោងថាមពលសូឡា 257MW Phu Yen TTP កម្លាំង២៥៧មេហ្គាវ៉ាត់របស់ក្រុមហ៊ុន BGRIM នៅប្រទេសវៀតណាម ក៏ទទួលបានពានរង្វាន់ឆ្នើម “Best Power Plant Project Developer” ពីទស្សនាវដ្ដី International Finance Magazine ក្នុងឆ្នាំ២០១៩ ផងដែរ។
បច្ចុប្បន្នក្រុមហ៊ុន BGRIM មានស្ថានីយសូឡាពាណិជ្ជកម្ម ចំនួន៥០ដែលកំពុងដំណើរការនៅក្នុងប្រទេសរួមមានថៃ ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន អាល្លឺម៉ង់ និងកម្ពុជា។ ក្រុមហ៊ុននេះ មានបំណងបង្កើនសមត្ថភាពផលិតថាមពលសូឡា សរុបរបស់ខ្លួនពី៣.០៥៨មេហ្គាវ៉ាត់ ឱ្យឈានដល់យ៉ាងហោចណាស់៧.២០០មេហ្គាវ៉ាត់ នៃកិច្ចព្រមព្រៀងទិញថាមពល ដែលមានការធានានៅត្រឹមឆ្នាំ២០២៥៕ Bangkok Post ៕