ដោយៈសុខុម
ហាណូយៈ រដ្ឋាភិបាលវៀតណាមបានប្រកាសថា ខ្លួនគ្រោងបើកកោះត្រល់ ឬ Phu Quoc ដែលជាកោះរមណីយដ្ឋានឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចនៅចុងខែវិច្ឆិកា ខណៈប្រទេសក្បែរខាងរបស់កម្ពុជា មួយនេះព្យាយាមស្ដារឧស្សាហកម្មទេសចរណ៍របស់ខ្លួនឡើងវិញ បន្ទាប់ពីបិទអស់រយៈពេលជិត២ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃសៅរ៍ ទី២៣ តុលា នេះ។
កោះត្រល់ ដែលស្ថិតនៅចម្ងាយតែប្រមាណ១០គីឡូម៉ែត្រពីដែនដីកម្ពុជា និងជាអតីតទឹកដីកម្ពុជា ក្នុងឈូងសមុទ្រថៃ គឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយរបស់វៀតណាម ព្រោះសម្បូរទៅដោយឆ្នេរខ្សាច់សយ៉ាងស្រស់ស្អាត និងទឹកថ្លាឆ្វង់ ព្រមទាំងមានភ្នំ និងព្រៃក្រាស់ទៀតផង។
យោងតាមរដ្ឋបាលទេសចរណ៍ជាតិវៀតណាមឱ្យដឹងថា គិតរហូតមកទល់ឆ្នាំ២០២១ កោះត្រល់ ទាក់ទាញគម្រោងវិនិយោគ បានចំនួន៣៧២គម្រោង ដែលសរុបជាទឹកប្រាក់ស្មើនឹង១៦,៥ពាន់លានដុល្លារអាមេរិក។
គម្រោងទាំងនោះ រួមមាន ទាំងសួនកម្សាន្តធំបំផុតប្រចាំប្រទេសវៀតណាម សួនសត្វចំហ (Open Zoo) ដែលមានតែ១គត់នៅវៀតណាម មន្ទីរពេទ្យ ទីលានវាយកូន ហ្គោល មជ្ឈមណ្ឌលសន្និបាត សណ្ឋាគារ និងអាកាសយានដ្ឋានអន្តរជាតិផងដែរ។
កោះនេះទាក់ទាញភ្ញៀវទេសចរ បានប្រមាណ៦៧០.០០០នាក់ និងរកចំណូលបានរហូតដល់ទៅជាង១៨ពាន់លានដុល្លារអាមេរិក ពីភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ២០១៩ ហើយអាជ្ញាធរវៀតណាម សង្ឃឹមថានឹងប្រែក្លាយវា ទៅជាតំបន់ទេសចរណ៍ដ៏អស្ចារ្យ ដោយយកលំនាំតាមកោះទេសចរណ៍ភូកេតរបស់ថៃ និងកោះទេសចរណ៍បាលី របស់ឥណ្ឌូនេស៊ី។
រដ្ឋាភិបាលវៀតណាម បានប្រកាសកាលពីល្ងាចថ្ងៃសុក្រ ទី២២ វិច្ឆិកា ថា “ជើងហោះហើរពិសេស” (Charter Flight) សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលមានលិខិតឆ្លងដែនវ៉ាក់សាំង នឹងទទួលបានការស្វាគមន៍មកកាន់កោះនេះ”។
បន្ទាប់ពីនោះ នៅចន្លោះចុងខែធ្នូ ឆ្នាំ២០២១ និងចុងខែមីនា ឆ្នាំ២០២២ កោះនេះមានបំណងទទួលភ្ញៀវទេសចរបរទេស រហូតដល់៥.០០០នាក់ តាមជើងហោះហើរពិសេសស្រដៀងគ្នា។ ភ្ញៀវទេសចរនឹងត្រូវបង្ហាញលិខិតបញ្ជាក់ ពីការចាក់វ៉ាក់សាំង រួមជាមួយលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ មុនពេលអនុញ្ញាតឱ្យចូលកោះនេះ។
អាជ្ញាធរវៀតណាមបាននិយាយថា ភ្ញៀវទេសចរទាំងនោះគួរមកពី “កន្លែងដែលមានកំណត់ត្រាសុវត្ថិភាពខ្ពស់ ទាក់ទិននឹងវិធានការបង្ការវីរុសកូវីដ-១៩ ដូចជាផ្នែកខ្លះនៃតំបន់អឺរ៉ុប មជ្ឈិមបូព៌ា អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អាមេរិកខាងជើង និងអូស្ត្រាលី”។
រដ្ឋាភិបាលវៀតណាម មានគម្រោងបើកកោះត្រល់ ស្វាគមន៍ភ្ញៀវអន្តរជាតិក្នុងខែតុលា នេះ ប៉ុន្តែត្រូវបានពន្យារពេល ដោយសារពលរដ្ឋវៀតណាម ចាក់វ៉ាក់សាំងបានតិច។
ព្រំដែននានារបស់វៀតណាម ត្រូវបានបិទមិនមិនឱ្យភ្ញៀវទេសចរអន្តរជាតិចូលចាប់តាំងពីដើមឆ្នាំ២០២០ ហើយស្ទើរតែគ្មានជើងហោះហើរពាណិជ្ជកម្ម ចូលក្នុងប្រទេសនេះ៕ CNA៕