ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងស្ម័គ្រចិត្ត សម្រាប់សំណង់អគារខ្ពស់ និងជាន់ក្រោមដី ជាផ្លូវការហើយ ក្រោយពិភាក្សាលើសេចក្តីព្រាងជាច្រើនខែមក។

ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងស្ម័គ្រចិត្ត សម្រាប់សំណង់អគារខ្ពស់ និងជាន់ក្រោមដី ជាផ្លូវការហើយ ក្រោយពិភាក្សាលើសេចក្តីព្រាងជាច្រើនខែមក។

យោងតាមប្រកាសលេខ ២៦៤៤ ប្រក ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១កន្លងមកបានឲ្យដឹងថា ការដាក់ចេញប្រកាសនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតក្រុមការងារជំនួយបឋម ដើម្បីបង្ការ និងពន្លត់អគ្គិភ័យ នូវតាមសំណង់គោលដៅ និងនៅតាមភូមិ ឃុំ-សង្កាត់ ក្នុងប្រទេសកម្ពុជា។
ក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច ត្រូវបង្កើត និងហ្វឹកហ្វឺន ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទៅតាមប្រភេទ និងទំហំនៃផ្ទៃក្រឡាសំណង់ និងបែងចែកចំនួនអ្នកពន្លត់អគ្គិភ័យ ទៅតាមសំណង់គោលដៅ ដែលមានហានិភ័យកម្រិតខ្ពស់ មធ្យម និងទាប។
ក្រុមការងារនេះ មានភារកិច្ចចម្បងតាមដាន ត្រួតពិនិត្យឧបករណ៍ សម្ភារៈ ប្រព័ន្ធបង្ការនិងពន្លត់អគ្គិភ័យ ព្រមទាំងជួយសង្គ្រោះជីវិតមនុស្ស ទ្រព្យសម្បត្តិ និងពន្លត់អគ្គិភ័យនៅតាមសំណង់គោលដៅ។
ចំណែកក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្តវិញ ត្រូវបង្កើតឡើងដោយរដ្ឋបាលឃុំ-សង្កាត់ និងហ្វឹកហ្វឺន ដោយស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលមានភារៈកិច្ចតាមដាន ឃ្លាំមើល ផ្តល់ពត៌មានអំពីអគ្គិភ័យ ព្រមទាំងជួយសង្គ្រោះជីវិតមនុស្ស ទ្រព្យសម្បត្តិ និងពន្លត់អគ្គីភ័យនៅតាមភូមិ ឃុំ-សង្កាត់របស់ខ្លួន។

បញ្ហាអគ្គិភ័យជាបញ្ហាធំមួយ ដែលក្រុមន្រ្តីជំនាញផ្នែកពន្លត់អគ្គិភ័យ នៅតាមអគារខ្ពស់ៗហាក់មមិនទាន់ បានទទួលការបណ្តុះបណ្តាលគ្រប់គ្រាន់នៅឡើយ ស្របពេលដែលវត្តមានអគារខ្ពស់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនកំពុងតែសាងសង់កាន់តែច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕