មន្រ្តីជាន់ខ្ពស់ៈ វិស័យអាកាសចរណ៍នឹងងើបឡើងវិញនៅពេលឆាប់ៗខាងមុខ

0

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ មនរ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋា នអាកាសចរណ៍ស៊ីវិលបានថ្លែងថា វិស័យអាកាសចរណ៍កម្ពុជា នឹងងើបឡើងវិញឆាប់ៗខាងមុខនេះ ក្រោយរដ្ឋាភិបាលប្រកាសបើកទទួលភ្ញៀវទេ​សចរណ៍អន្តរជាតិឡើងវិញ។

លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការ ដ្ឋាន អាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងតាមតេឡេក្រាម កាលពីល្ងាចថ្ងៃទី២៧ តុលាកន្លងមកថា ការប្រកាសបើកទេសចរណ៍ឡើងវិញ គឺជាសញ្ញាល្អសម្រាប់ការចាប់ផ្តើមឡើងវិញដំណើរការហោះហើរ និងទទួលទេសចរណ៍ឡើងវិញ បើទោះជាកន្លងមកយើងបានហាមឃាត់បីប្រទេសមិនឲ្យហោះហើរ ដោយសារវិធានការណ៍របស់សុខភាពសាធារណៈក្តី។

លោកបន្តថា “ខ្ញុំគិតថាការហោះហើរនឹងងើបឡើងវិញ នាពេលឆាប់ៗខាងមុខនេះ ទោះជាឥលូវមិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ណា ដាក់ពាក្យស្នើសុំហោះហើរនៅឡើយក្តី”។ លោកបន្តថា “យើងឃើញភ្លើងខៀវបណ្តើរៗហើយ ក្រុមហ៊ុនអាកាសចរណ៍ថៃអាចមកមុនគេ ក្រុមហ៊ុនសាំងហ្កាពួរ ដែលហោះមកយើងមួយអាទិត្យពីររបីលើក អាចនឹងបង្កើនជើងហោះហើរបន្ថែម ប៉ុន្តែកម្ពុជាស្ថិតនៅក្នុងបញ្ជីរចត្តាឡីស័ក នៅសាំងហ្កាពួរនៅឡើយ”។

លោកបន្តថា រដ្ឋាភិបាលបានបើកទូលាយ គឺគេបើកប៉ុណ្ណាយើងបើកប៉ុណ្ណឹងដែរ បើថៃគេមិនធ្វើចត្តាឡីស័ក រដ្ឋាភិបាលកម្ពុជាក៏ពិចារណា មិនគួរធ្វើចត្តាឡីស័ក្តដែរ ព្រោះយើងឈរលើមូលដ្ឋានចាក់វ៉ាក់សាំង ដែលអ្នកដំណើរមានកាតចាក់វ៉ាក់សាំង មានលិខិត​បញ្ជាក់ថាគ្មានជំងឺកូវីដ១៩ មានការធានារ៉ាប់រង មានការកក់អូតែល គឺមិនមានបញ្ហាទេ។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ទោះជាយ៉ាងណាការហោះហើរឡើងវិញ គឺយើងត្រូវការពេលវេលាមួយ ដើម្បីក្រុមហ៊ុនមានពេលរៀបចំនិតិវិធីនៃការហោះហើរ មានការស្នើសុំ មានការអនុម័តលើកម្មវិធីនៃការហោះហើរ មានទាក់ទងនឹងការធ្វើការងារជា​មួយការីទេសចរណ៍ និងក្រុមហ៊ុនលក់សំបុត្រយន្តហោះ។ អញ្ចឹង ក្រុមហ៊ុនអាកាសចរណ៍ត្រូវរៀបចំប្រព័ន្ឋកក់កន្លែង ដូច្នេះពេលមានការកក់ អាចហោះហើរបាន ពួកគេទទួលផលចំណេញ នឹងមានការហោះហើរ។

លោកបន្តថា “អញ្ចឹងមុនការហោះហើរ ក្រុមហ៊ុនអាកាសចរណ៍ទាំាំងអស់ គាត់ស្នើសុំធ្វើការហោះហើរ ហើយយើងអនុម័តឲ្យគាត់ហោះហើរ គឺគាត់អាចហោះហើរបានជាធម្មតាហើយ ព្រោះយើងមិនដែលហាមឃាត់គាត់មិនឲ្យហោះហើរទេ ប៉ុន្តែពីមុនដែលយើងហាមឃាត់បីប្រទេស គឺដោយសារវិធានការណ៍រដ្ឋសុខភាពសាធារណៈ។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោកធួន ស៊ីណានបានបន្តថា វិស័យទេសចរណ៍កម្ពុជា អាចត្រូវការពេលវេលាបន្ថែមទៀត ដោយសារការបើកចំហរបស់រដ្ឋាភិបាលនៅមានកម្រិត ធៀបជាមួយប្រទេសថៃ ប៉ុន្តែបើយើងបើកទូលាយដូចនៅប្រទេសថៃជាការល្អ។

លោកបន្តថា “វិស័យទេសចរណ៍នៅកម្ពុជា នឹងងើបឡើងវិញលឿនបាន ក្នុងករណីរដ្ឋាភិបាលបើកចំហ ដោយមិនមានការធ្វើចត្តាឡីស័ក ព្រោះការបើកចំហ​បែបនេះនឹងជួយស្រោចស្រង់វិស័យនេះ ងើបពីវិបត្តិក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here