ដោយ៖ វុត្ថា
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឪ្យដឹថា ការដែលរដ្ឋាភិបាលកម្ពុជាបានដកហូតស្ពានកោះកុងពីក្រុមហ៊ុន YLP Group មកឪ្យរដ្ឋគ្រប់គ្រងវិញគឺបានកាត់បន្ថយការចំណាយ និងជួយសម្រួលដល់ជីវៈភាពពលរដ្ឋឪ្យមានជីវៈភាពធូធាទ្វេឡើង ពិសេសជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត កោះកុងដែលមានជំងឺ ឬជួបគ្រោះអាសន្នផ្សេងៗត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃជាបន្ទាន់។

-->
ឯកឧត្តមទេសរដ្ឋមន្ត្រីលើកឡើងយ៉ាងដូច្នេះ ខណៈដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការ នូស្ពានកោះកុងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅខេត្តកោះកុង ដោយមានការចូលរួមពីលោកជំទាវមិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងតំណាងក្រុមហ៊ុនអិលវ៉ាយភីគ្រុប និងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនកាយរិទ្ធិជាតិកម្ពុជា យុវជនយុវនារី និងប្រជាពលរដ្ឋប្រមាណជាង៤០០នាក់។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគម្រោងពង្រីកនិងធ្វើឱ្យប្រសើរឡើង ផ្លូវជាតិលេខ៤៨ គម្រោងសាងសង់ផ្លូវពីខេត្តបាត់ដំបងមកខេត្តកោះកុងដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផល គម្រោងសាងសង់ផ្លូវល្បឿនលឿងប្រភេទBOTដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញនិងប៉ូលសេដ្ឋ កិច្ចក្រុងព្រះសីហនុ គម្រោងសាងសង់ព្រះលានយន្តបទុមសាគរ និងកំពង់ផែខេត្តកោះកុងផងដែរ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារនាំចេញ ការទាក់ទងទាញការវិនិយោគ ដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងបានណែនាំឱ្យមន្ត្រីក្រោមឱវាទត្រូវខិតខំប្រឹងប្រែងថែរក្សាផ្លូវថ្នល់ ស្ពានឱ្យបានគង់វង្ស និងកសាងផ្លូវឱ្យមានគុណភាពរឹងមាំ។
គួរកត់សម្គាល់ផងដែរថា កន្លងមកប្រជាពលរដ្ឋ និងអាជីវករដឹកជញ្ជូនទំនិញដែលប្រើប្រាស់ស្ពាននេះ ត្រូវបង់ថ្លៃសេវាដើម្បីអាចប្រើប្រាស់បាន ប៉ុន្តែដោយយល់ឃើញពីការលំបាករបស់ប្រជាពលរដ្ឋ រាជរដ្ឋា ភិបាលបានសម្រេចទិញស្ពាននេះទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់ មិនបាច់បងថ្លៃសេវាតទៅទៀតឡើយចាប់ ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតទៅ។

គួរឱ្យដឹងផងដែរថា ស្ពានកោះកុង ជាស្ពានដែលមានប្រវែង ១៩០០ម៉ែត្រ និងទទឹង១៣ម៉ែត្រ និងជាស្ពានវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដោយបានធ្វើការសាងសង់ឆ្លងកាត់ដៃសមុទ្រ ពីក្រុងខេមរៈភូមិន្ទ(ក្រុងកោះកុង) ឆ្ពោះទៅស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ជាប់ព្រំដែនប្រទេសថៃ។ ដោយកន្លងមករាល់ការចេញចូល ឆ្លងកាត់ស្ពានមួយនេះតម្រូវឱ្យបង់ប្រាក់ តែពេលនេះប្រជាជនកម្ពុជាប្រាកដជាសប្បាយចិត្តជាមួយដំណឹងបញ្ឈប់ការបង់ប្រាក់ដ៏សែនត្រេកអរមួយនេះ ៕

