កម្ពុជានឹងប្រារពព្រឹត្តិការណ៍ធំៗចំនួន៣ទាក់ទងនឹងវិស័យទេសចរណ៍នៅចុងឆ្នាំនេះ និងឆ្នាំ២០២២

0

ដោយៈគង់ សិរីម៉ាលីនណា

ភ្នំពេញៈ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍៍ទេសចរណ៍ធំៗចំនួន៣ នៅចុងឆ្នាំ២០២១ និងឆ្នាំ២០២២ខាងមុខនេះ។
ព្រឹត្តិការណ៍ធំៗទាំងបីនោះរូមមាន កម្មវិធីប្រណាំងទូកក្តោងនៅកម្ពុជានាខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី នាឱកាសព្រឹត្តិការណ៍ទេសចរណ៍អាស៊ាន ២០២២ (ATF 2022)ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ខាងមុខ និងរៀបចំមហាសន្និបាតក្លឹបឆ្នេរស្អាតជាងគេក្នុងសាកលលោក និងកម្មវិធីបុណ្យសមុទ្រនាចុងឆ្នាំ២០២២ ផងដែរ។

លោកផាក ឃឿងយ៉ុងឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េបានថ្លែងក្នុងជំនួបជាមួយ លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍៍កាលពីសប្តាហ៍មុន ដោយបានកោតសរសើរដល់ការរៀបចំរបស់ក្រសួងទេសចរណ៍ ជាពិសេសលើផែនទីចង្អុលផ្លូវស្ដីពីការលើកកម្ព​ស់ និងការស្ដារវិស័យទេសចរណ៍កម្ពុជា ក្នុងអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី យុទ្ធសាស្ត្របើកទេសចរណ៍ចាក់វ៉ាក់សាំង វិធានគោលនយោបាយទេសចរណ៍ផ្ទៃក្នុង ដោយចាត់ទុកផែនការយុទ្ធសាស្ត្រខាងលើជាមូលដ្ឋានគន្លឹះ ដែលនឹងចូលរួមជំរុញទេសចរកូរ៉េមកកាន់កម្ពុជាកាន់តែច្រើននាពេលខាងមុខ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យទេសចរណ៍។

លោកគាំទ្រជំរុញសហការលើគំនិត ផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍ធំៗនៅឆ្នាំ២០២២ ដែលជាការអបអរសាទរខួបលើកទី២៥ នៃចំណងការទូតកម្ពុជា-កូរ៉េ ដើម្បីទាក់ទាញទេសចរ និងវិនិយោគកូរ៉េមកកម្ពុជា។ លោកក៏បានអញ្ជើញក្រសួងទេសចរណ៍ចូលរួមព្រឹត្តិការណ៍អន្តរជាតិធំៗ ក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាក្របខណ្ឌមេគង្គ-កូរ៉េផងដែរ។

ឆ្លើយតបទៅនឹងសំណើរបស់កម្ពុជា រដ្ឋាភិបាលសាធារណកូរ៉េនឹងពិចារណាជំរុញការរៀបចំឱ្យផ្ដល់បង្គន់អនាម័យសាធារណៈបន្ថែម ឆ្ពោះទៅការផ្សព្វផ្សាយភាពស្អាត និងអនាម័យ ព្រឹត្តិការណ៍ SEA Game នៅឆ្នាំ២០២៣ និងបន្តរៀបចំបន្ថែមតាមគោលដៅទេសចរណ៍ជាពិសេសខេត្តភូមិភាគឦសាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here