ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ សមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានអនុម័តគំរោងសាងសង់ចំនួន៣៥៩៨គំរោង ជាមួយនឹងទំហំទឹកប្រាក់៤៨៧៦លានដុល្លារអាមេរិក ក្នុងរយៈពេល១០ខែឆ្នាំនេះ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា ក្នុងរយៈពេល១០ ខែឆ្នាំ២០២១នេះ ក្រសួង និងរដ្ឋបាករាជធានី ខេត្តទាំង២៥បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន៣,៥៩៨ គម្រោង មានផ្ទៃក្រឡាសំណង់ជិត ១២ លានម៉ែត្រការ៉េ។
លោកឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានបា្រប់សារព័ត៌មានឲ្យដឹងនៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១កន្លងមកថា “ការវិនិយោគគម្រោងភាគច្រើន ជាប្រភេទសំណង់លំនៅឋាន អគារស្នាក់នៅរួម អគារពហុមុខងារ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និង សំណង់អគារផ្សេងៗទៀត”។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចុះបញ្ជីនិងផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្ម ដល់សហគ្រាសក្រុមហ៊ុនសិក្សា គម្រោងប្លង់ និងសាងសង់បានចំនួន ២៨៥ ក្រុមហ៊ុនក្នុងនោះក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន១៤ និងក្រុមហ៊ុនសាងសង់មានចំនួន២៧១ និងបានចុះបញ្ជីដល់រូបវន្តបុគ្គល សិក្សាគម្រោងប្លង់បានចំនួន៨៧ រូបក្នុងនោះស្ថាបត្យករចំនួន ២៧ រូប និងវិស្វករចំនួន៦០រូបផងដែរ។
លោកឡៅ ទិព្វសីហា បានសម្តែងសុទិដ្ឋិនិយមថា “វិស័យសំណង់ត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញនៅឆ្នាំខាងមុខនេះ ដោយការរំពឹងទុកនូវការវិលត្រឡប់មកវិញ នូវរំហូរទុនវិនិយោគពីបរទេស និងការងើបឡើងវិញនូវតម្រូវការក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាលបានបើកសេដ្ឋកិច្ចឡើងវិញ និងមិនតម្រូវឱ្យអ្នកចេញចូលកម្ពុជាធ្វើចត្តាឡីស័ក្កនោះទេសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញរួចរាល់”៕