លោកជុំ កុសល លើកឡើងពីផលលំបាកនៃការទទួលបានព័ត៌មានប្រកបដោយតុល្យភាព

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងព៌តមាន លោកជុំ កុសលបានលើកឡើងពីផលលំបាក​ នៃការទទួ​លបានព៌តមានប្រកបដោយតុល្យភាព ដែលលោកស្នើឲ្យមន្រ្តីពាក់ព័ន្ឋឆ្លើយតប ការសុំពន្យល់ពី​អ្នកសារ​ព៌តមាន។

លោកជុំ កុសលដែលជាទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាផងដែរនោះ​បានសរសេរលើបណ្តាញទំនាក់ទំនំសង្គមរបស់ខ្លួន នាព្រឹកថ្ងៃទី១៦ វិច្ឆិកានេះ​ថា ​ចង់បានព៌តមាន​តុល្យ​​ភាព​បាន លុះត្រាតែគូភាគីក្នុងសាច់រឿងផ្តល់ព័ត៌មាន ជូនដល់អ្នកសារព័ត៎មាន​បានគ្រប់ជ្រុង​ជ្រោ​យ។ លោកបន្តថា ពេលខ្លះអ្នកសារព័ត៌មានពិតជាមានការលំបាក ដោយសារតែទាក់ទងទៅកាន់ភាគី​ពាក់ព័ន្ធ​ក្នុងសាច់រឿងគេ មិនបានសហការក្នុងការផ្តល់ព័ត៌មាន ទើបសម្រេចចិត្តផ្សាយចេញ ហើ​យ​រង់ចាំការបកស្រាយពីភាគីម្ខាងទៀតតាមក្រោយ ។

លោកបានបន្តទៀតថា សាច់រឿងខ្លះបើមានការពាក់ព័ន្ធជាមួយ នឹងមន្ត្រីអាជ្ញាធរ  អស់លោក​មន្ត្រី​ខ្លះ ពេលអ្នកសារព័ត៌មានហៅទូរស័ព្ទ ទៅសួរនាំសុំការបកស្រាយបំភ្លឺ គាត់បែរជាមិនជាមិនឆ្លើយ​តប ឬក៏ឆ្លើយទាំងពាក្យសំដីមិនសមរម្យ។ល។ នេះហើយដែលជាផលលំបាក របស់អ្នក​សារព័ត៌មាន​បានជួបប្រទះ  ។

លោកជុំ កុសលបានបន្តថា “មិនដាក់ការបន្ទោសខាងមន្ត្រីទេ ជួនកាលមកពីអ្នកសារព័ត៌មានខ្លះ គាត់បង្កការរំខានដល់មន្ត្រីច្រើនពេក ធ្វើឲ្យមន្ត្រីមានការធុញទ្រាន់”។ លោកបន្ថែមថា “បែបហ្នឹងច្រើន​តែអ្នកសារព័ត៌មានខ្វះវិជ្ជាជីវ: ខ្លះបានយកតួនាទីជាអ្នកសារព័ត៌មានទៅប្រើខុសសាច់រឿង”។ សូមអ្នក​សារព័ត៌មានប្រកបការងាររបស់ខ្លួន ដោយឈរលើក្រមសីលធម៌ និងវិជ្ជាជីវ:ឲ្យបានត្រឹមត្រូវ ហើយ​សូមមន្ត្រីអាជ្ញាធរ ចាត់ទុកអ្នកសារព័ត៌មានជាដៃគូសហការដ៏ល្អ ​មិនអាចខ្វះបានក្នុងការផ្សព្វផ្សាយជូន​សាធារណជនបានដឹងឮ។

លោកជុំ កុសលក៏ជាឧត្តមទីប្រឹក្សាគេហទំព័រ Propertyarea.asia និងគេហទំព័រព៌តមានហិរញ្ញវត្ថុឈានមុខគេ Cambodiafinancialtimes.com ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here