ដោយៈជេស៊ីកា
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airline គ្រោងនឹងភ្ជាប់ជើងហោះហើរមកកាន់ក្រុងសៀមរាប នាពាក់កណ្តាលខែធ្នូខាងមុខនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជាប្រធានក្រុមហ៊ុនទេសចរណ៍ World Express &Tours លោកហូ វណ្ឌី បានមានប្រសាសន៍ឲ្យដឹង នាល្ងាចថ្ងៃទី២៥ វិច្ឆិកាកន្លងមកថា ក្រុមហ៊ុនអាកាសចរណ៍នេះ បានដាក់សំណើរទៅកាន់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរួចហើយ ពីការភ្ជាប់ជើងហោះហើរនាពេលខាងមុខនេះ ខណៈបច្ចុ ប្ប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍៍ចំនួន៥ទៀត បានកំណត់ពេលវេលា និងខ្លះទៀតត្រៀមហោះហើរមកកម្ពុជារួចហើយ។
លោកបន្តថា “រហូតមកទល់ពេលនេះ ក្រុមហ៊ុនឬការីទេសចរណ៍នានាបានជូនដំណឹងពីការបើកចំហ ប្រទេសរបស់ប្រមុខរដ្ឋាភិបាលទៅកាន់អឺរ៉ុប និងបណ្តាប្រទេសដទៃទៀតរួចហើយ ប៉ុន្តែការកក់ជើងហោះហើរ ឬការត្រៀមមកទស្សនាកម្ពុជាមិនទាន់មានច្រើននៅឡើយទេ ព្រោះវាត្រូវការពេលវេលាខ្លះ”។ លោកបន្តថា “ភ្ញៀវមកពីបណ្តាអឺរ៉ុបមិនទាន់មានច្រើនទេ តែមកពីប្រទេសជិតខាងដូចជាថៃ និងប្រទេសមួយចំនួនទៀតបានចាប់ផ្តើមត្រៀមធ្វើដំណើរមកកាន់កម្ពុជាហើយ”។
លោកហូ វណ្ឌីបានបន្តថា ប្រសិនជារដ្ឋាភិបាលវៀតណាម បានភ្ជាប់ជើងហោះហើរមកកម្ពុជាតាមការស្នើសុំរបស់សម្តេចតេជោ ក្នុងឱកាសជួបឯកអគ្គរដ្ឋទូតវៀតណាមថ្មីក្នុងសប្តាហ៍នេះ យើងរំពឹងទទួលបានភ្ញៀវទេសចរណ៍មកពីប្រទេសវៀតណាម ព្រោះប្រទេសនេះ មានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ពិសេសការចាប់ផ្តើមហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Airline៕