រដ្ឋាភិបាលចាប់ផ្តើមលើកកំពស់ចលនាភូមិ១ ផលិតផល១នៅតាមបណ្តាខេត្តចំនូន១០

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈចលនាជម្រុញភូមិ១ ផលិតផល១បាននិងកំពុងសហការជាមួយវិស័យឯកជន ក្នុងការលើកស្ទួយការនាំចេញផលិតផលជាតិ ទៅកាន់ទីផ្សារអន្តរជាតិ។

កាលពីរសៀលថ្ងៃទី ២៥ វិច្ឆិកា២០២១កន្លងទៅនេះ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា លើកកម្ពស់ផលិតផលខ្មែរ ក្នុងក្របខណ្ឌការងារជំរុញ ចលនាភូមិមួយផលិតផលមួយ ដើម្បីស្វែងរកទីផ្សារលក់ផលិតផលខ្មែរ ទាំងក្នុងប្រទេស ក្រៅប្រទេស ដើម្បីរួមចំណែកធ្វើឱ្យមានកំណើនសេដ្ឋកិច្ច តាមរយៈលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹងអនុវត្តសាកល្បងនៅខេត្តចំនួន១០ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប ឧត្តរមានជ័យ ក្រចេះ កំពង់ចាម ព្រៃវែង ស្វាយរៀង កំពត និងខេត្តតាកែវ ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តនីមួយៗ និងកសិករ ផលិតករ ដោយមានការជួយសម្របសម្រួល ពីសមាគមពាណិជ្ជករដឹកជញ្ជូន និងបុត្រសម្ព័ន្ធ Super App ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ក្នុងបរិបទការងារជំរុញចលនាភូមិមួយផលិតផលមួយ។

លោកជា សំណាង អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយបានមានប្រសាសន៍ថា គោលបំណងសំខាន់ នៃគំនិតផ្តួចផ្តើមនេះ គឺដើម្បីលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក ទាំងសិប្បកម្ម កសិកម្ម និងសេវាកម្ម ក្នុងបរិបទភូមិមួយផលិតផលមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

កិច្ចព្រមព្រៀងនេះ ក៏ដើម្បីលើកម្ពស់ផលិតផលភូមិមួយផលិតផលមួយ តាមរយៈការប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ដើម្បីវេចខ្ចប់និងដឹកជញ្ជូន បំពេញសេចក្តីត្រូវការ របស់អតិថិជនទាន់ពេលវេលា និងកាត់បន្ថយថ្លៃសេវាដឹកជញ្ជូន ចំពោះផលិតករភូមិមួយផលិតផលមួយ។

ជាមួយគ្នានោះ ក៏ដើម្បីលើកទឹកចិត្តផលិតករ ដោយលក់ផ្ទាល់ទៅអតិថិជន តាមរយៈផ្សារអនឡាញ ដោយមានការសម្រួល ក្នុងការដឹកជញ្ជូនទំនិញ ដល់ដៃអ្នកប្រើប្រាស់ តាមរយៈក្រុនហ៊ុនវីរៈប៊ុនថាំជាដៃគូរ និងផ្តល់ជូនថ្លៃសេវាដឹកជញ្ជូន ពិសេសជូនដល់សមាជិកចលនាភូមិមួយផលិតមួយទាំងអស់ របស់គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតមួយទូទាំងប្រទេស ។

លោកសួរ វីរៈ អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ បានលើកឡើងដែរថា ដើម្បីគាំទ្រការងារជំរុញចលនាភូមិមួយ ផលិតផលមួយ ក្រុមហ៊ុនដឹកជញ្ជូនរបស់លោក នឹងសហការជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិត​ផលមួយ និងអនុវត្តសកម្មភាពមួយចំនួន ក្នុងជំហានទីមួយរយៈពេល២៤ខែ ចាប់ពីថ្ងៃចុះហត្ថលេខា ដើម្បីជួយបណ្តុះបណ្តាលផ្សព្វផ្សាយដល់កសិករ ផលិតករពីរបៀបវេចខ្ចប់ផលិតផល របៀបរក្សាគុណភាពផលិតផល ទុកដាក់ផលិតផលមុនបញ្ជើរ និងដឹកជញ្ជូនផលិតផលបញ្ជើរមកក្រុមហ៊ុន។
លោកបន្តថា “ក្រុមហ៊ុនមានសាខាទូទាំង២៥រាជធានី/ខេត្ត និងតាមបណ្តា ​ស្រុក/ខណ្ឌ និងឃុំ/សង្កាត់ផងដែរ ដើម្បីជួយស្វែងរកទីផ្សារលក់ផលិត​ផលខ្មែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here