អ្នកប្រើប្រាស់អ៊ីនធើណេតនៅកម្ពុជា មានជិត ១១លាននាក់ និងមានអ្នកប្រើប្រាស់បណ្តាញសង្គមជាង ៦លាននាក់

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា មានការលូតលាស់នៃការប្រើប្រាស់ប្រព័ន្ធអិនធើណេត និងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងលឿងចាប់តាំងពីឆ្នាំ២០០០រហូតមកដល់បច្ចុប្បន្ននេះ ដោយគិតត្រឹមដំណាច់ឆមាសទី១ឆ្នាំនេះ ចំនួនអ្នកប្រើប្រាស់អ៊ីនធើណេតបានកើនដល់ជិត១១លានាក់ និងអ្នកប្រើប្រាស់បណ្តាញសង្គមFacebook មានចំនួន៦,២លាននាក់។

តែយ៉ាងក៏ដោយចំនួននៃការកើនឡើងរបស់អ្នកប្រើប្រាស់នេះ នៅមានកម្រិតនៅឡើយ បើធៀបទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

យោងតាមការចេញផ្សាយដោយនិយ័តករទូរគមនាគមន៍កម្ពុជាបានឲ្យដឹងថា ពាក់កណ្តាលឆ្នាំ២០១៨នេះ ស្ថិតិនៃអ្នកប្រើប្រាស់អ៊ីនធើណេតក្នុងប្រទេសកម្ពុជា ដែលមានប្រមាណ១០,៩លាននាក់ ដោយឡែកចំនួនអ្នកប្រើប្រាស់    បណ្តាញព័ត៌មានសង្គមមានប្រហែល៦លាន២សែននាក់។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីអំពី “សន្តិសុខ និងឯកជនភាពក្នុងការប្រើប្រា​ស់បណ្តាញព័ត៌មានសង្គម” កាលពីម្សិលមិញ លោកជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋា​នបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានបានឲ្យដឹងថា តាមការអង្កេតរបស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឃើញថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជនរងគ្រោះ ដោយការវាយប្រហាលួចគណនីបណ្តាញព័ត៌មានសង្គម មានការកើនឡើងគួរអោយកត់សំគាល់ ដោយភាគច្រើនទៅលើមន្រ្តីរាជការទូទៅ ដែលក្នុងនោះក៏មានមន្រ្តីរាជការនៃក្រសួង ប.ទ ផងដែរ។

លោកបន្តថា “ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសន្តិសុខ និងសុវត្តិភាពក្នុងការប្រើប្រាស់បណ្តាញព័ត៌មានសង្គម ដល់មន្រ្តីរាជការថ្នាក់កណ្តាលរបស់ក្រសួង ទើបមានការរៀបចំសិក្ខាសាលានេះឡើងនាពេលនេះ”។

សិក្ខាសាលានេះ មានគោលបំណង ដើម្បីធ្វើការផ្តោតសំខាន់ទៅលើលក្ខណៈសុវត្ថិភាពមួយចំនួននៃការប្រើប្រាស់ អ៊ីម៉ែល បណ្តាញព័ត៌មានសង្គមហ្វេសប៊ុក និងយល់ដឹងអំពីហានិភ័យនានាដែលអាចកើតមានឡើងចំពោះខ្លួនអ្នក។

យោងតាមស្ថិតិចុងក្រោយបង្អស់របស់ធនាគារពិភពលោក បានឲ្យដឹងកាលពីកន្លងទៅថា ចំនួនអ្នកប្រើប្រាស់អ៊ីនធើណេតនៅកម្ពុជាកើនឡើង៥%ក្នុងមួយឆ្នាំៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here