លោក ច្រឹក សុខនីម - លោក គីម ហ៊ាង
ដោយ : ស៊ីវ ម៉េង
ភ្នំពេញ៖ នៅពេលនិយាយពីការវិនិយោគលើវិស័យដីធ្លី មានឳកាសចំណេញខ្ពស់និងក៏មានហានិភ័យផងដែរ ហេតុនេះសំណួរគឺថាតើគួរខ្ចីប្រាក់ពីធនាគារ ដើម្បីយកមកវិនិយោគលើដីធ្លីឬទេ?។
គេហទំព័រ Propertyarea.asia សូមលើកយកនូវប្រសាសន៍របស់អ្នកជំនាញក្នុង វិស័យនេះពីររូបយកមកចែករំលែក ដើម្បីទុកជាការពិចារណា និងធ្វើជាមូលដ្ឋានសម្រេចចិត្ត។
-->
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា មុនសម្រេចចិត្តថាគួរឬមិនគួរខ្ចីឥណទាន ដើម្បីយកមកវិនិយោគ មានសំណួរពីរ ដែលត្រូវសិក្សាជាមុន ដូចជា ទី១ ប្រសិនជាអ្នកខ្ចីប្រាក់មានសាច់ប្រាក់សម្រាប់បង្វិល និងសងថ្លៃដើមនៃឥណទានរបស់ខ្លួន ការខ្ចីឥណទានយកមកទិញអចលនទ្រព្យមិនមានបញ្ហានោះទេ និងទី២ ប្រសិនជាអ្នកខ្ចីឥណទាន យកមកទិញដីទុកលក់យកចំណេញ មិនគួរខ្ចីឥណទានយកមកទិញដីនោះទេ ព្រោះការទិញដីអាចកប់ដើមទុនទៅក្នុងនោះ។
លោកបន្តថា “ការវិនិយោគលើដីធ្លីមានឳកាសចំណេញខ្ពស់ ឬអត់ វាអាស្រ័យលើអ្នកវិនិយោគមានភាពឆ្លាតវៃកម្រិតណាប៉ុណ្ណោះ”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានលើកឡើងផងដែរថា ការប្រើប្រាស់ឥណទានធនាគារ យកមកទិញដីទុកចំណេញមានករណីគួរខ្ចី និងមិនគួរខ្ចី។ ហេតុនេះអ្នកចង់ខ្ចីគួរសិក្សាលក្ខខ័ណ្ឌចំនួន៤នេះជាមុនសិន ដូ ចជា ទី១ ប្រសិនជាអ្នកមានបំណងចង់ខ្ចី ហើយមានសាច់ប្រាក់ឬប្រាក់ខែសមរម្យ សម្រាប់បង្វិលបាន គួរខ្ចីឥណទានដើម្បីវិនិយោគដីធ្លី ទី២ សម្រាប់អ្នកមិនទាន់មានលំនៅដ្ឋានរស់នៅខ្លួនឯង មិនគួរខ្ចីឥណទានទិញដីទេ។
ទី៣ អ្នកដែលមានផ្ទះខ្លួនឯងហើយ តែនៅជំពាក់បំណុលគេ ក៏មិនគួរខ្ចីឥណទានទិញដីដែរ និងទី៤ អ្នកមានផ្ទះ មានការងារសមរម្យហើយ បើខ្ចីឥណទានពីធនាគារ ដើម្បីទិញដីក៏មិនត្រូវខ្ចីលើសពី៥០ភាគរយ នៃតម្លៃដីរបស់ខ្លួនដែលបានទិញដែរ៕