ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ ស្រុកបន្ទាយស្រីដែលមានភាពល្បីល្បាញ និងរសរវើកបានក្រោមការដឹកនាំដោយលោកឃឹម ហ្វីណង់បាននិងកំពុងត្រៀមរៀបចំ “ពិព៌ណម្ហូបអាហារជនបទ”ជាលើកដំបូង។
សរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន លោកឃឹម ហ្វីណង់បានបង្ហាញពីការពិភាក្សា ជាមួយអ្នកភូមិព្រះដាក់ និងប្រតិបត្តិករទេសចរណ៍នានានៅក្នុងស្រុក ដើម្បីសុំឱ្យមានការចូលរួម និងប្រុងប្រៀបរៀបចំកម្មវិធី “ពិព័រណ៍ម្ហូបអាហារជនបទ” ដែលគ្រោងនឹងធ្វើឡើង នៅលើកំណាត់ផ្លូវឆ្លងកាត់ភូមិព្រះដាក់ផ្ទាល់តែម្តង ក្នុងអំឡុងពេលដំណាច់ឆ្នាំនៃបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ។
លោកបន្តថា ក្នុងគោលបំណងបង្កើតឱកាសរកប្រាក់ចំណូល សម្រាប់អ្នកភូមិ និងរុញច្រានចរន្តសេដ្ឋកិច្ច ពីវិស័យទេសចរណ៍របស់ស្រុក ឱ្យចាប់ផ្តើមមានដំណើរការឡើងវិញ រដ្ឋបាលស្រុកបន្ទាយស្រី នឹងសហការជាមួយបងប្អូនសហគមន៍ក្នុងភូមិព្រះដាក់ ដើម្បីរៀបចំកម្មវិធីម្ហូបអាហារជនបទនេះឡើង ដើម្បីផ្តល់ជាបទពិសោធថ្មីមួយ ដល់អ្នកទេសចរបានដើរលេងកម្សាន្តក្នុងភូមិ និងភ្លក់រសជាតិម្ហូបអាហារ ធ្វើដោយអ្នកភូមិផ្ទាល់ នៅលើទីតាំងដែលត្រូវបានរំពឹងទុកថា មានភាពងាយស្រួលក្នុងការរៀបចំ និងមានលក្ខណៈអំណោយផលពីអាកាសធាតុផងដែរ។
លោកឃឹម ហ្វីណង់បានបន្តថា “ខ្ញុំបានយកឱកាសនេះ អបអរសាទរដល់អ្នកភូមិព្រះដាក់ ដែលទើបតែទទួលបានជ័យលាភី មេត្រីភាពបរិស្ថានសម្រាប់ឆ្នាំ២០២១ និងផ្សព្វផ្សាយគម្រោង ប្រលងប្រណាំងផ្ទះស្អាតប្រចាំភូមិនៅក្នុងឆ្នាំ២០២២នេះ”។
លោកបន្តថា “បើមិនមានអ្វីផ្លាស់ប្តូរទេ កម្មវិធីពិព័រណ៍ម្ហូបអាហារជនបទនេះ នឹងត្រូវបានធ្វើឡើងសម្រាប់រយៈពេល៣ថ្ងៃ ៣០-៣១ធ្នូ និង១មករា ដោយមានស្តង់ម្ហូបអាហារជាច្រើន កន្លែងអង្គុយហូប ឆាកតន្ត្រីរាំវង់ស្គរដៃ និងកន្លែងចតយានយន្តគ្រប់គ្រាន់ តែនឹងត្រូវបានធ្វើឡើង ដោយគោរពតាមវិធានសុវត្ថិភាព សុខាភិបាលយ៉ាងម៉ត់ចត់បំផុត”។
សូមជូនដំណឹងក្រៅផ្លូវការមួយទៀត រដ្ឋបាលស្រុកបន្ទាយស្រីនឹងសហការរៀបចំ ជាមួយបងប្អូនសហគមន៍ នៅក្នុងភូមិសសីរៀបចំព្រឹត្តិការណ៍បុណ្យខ្លែង នៅក្នុងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះផងដែរ។ កម្មវិធីនេះ នឹងអនុញ្ញាតឱ្យអ្នកទេសចរបានស្គាល់ ពីប្រពៃណីបង្ហោះខ្លែង ក៏ដូចជាផ្តល់ឱកាស ឱ្យមានការកម្សាន្តសប្បាយ តាមរយៈការបង្ហើរខ្លែងតូចៗជាលក្ខណៈគ្រួសារ នៅលើទីតាំងធំល្វឹងល្វើយ ដ៏ស្រស់ស្អាតនៃភូមិសសី និងស្រូបយកខ្យល់អាកាសបរិសុទ្ធ នៃទេសភាពដ៏ស្រស់ត្រកាល នាជើងភ្នំគូលែន៕