ដោយ: ម៉ាលីស
សៀមរាបៈ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់បានឱ្យដឹងថា សម្រាប់ខេត្តសៀមរាប មានសណ្ឋាគារប្រមាណជិត២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ចំនួន ៨,០០០បន្ទប់ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ។
លោកបន្តថា ការបើកដំណើរការឡើងវិញនូវផ្ទះសំណាក់ និងសណ្ឋាគារនេះ ដោយសារភ្ញៀវទេសចរ នឹងចាប់ផ្តើមធ្វើដំណើរមកកម្សាន្តនៅខេត្តនេះជាបណ្តើរៗហើយ ។ លោកថា នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យជាតិ មានភ្ញៀវទេសចរមកម្សាន្ត នៅខេត្តដ៏មានសក្កានុពលមួយនេះ ប្រមាណ៦ពាន់នាក់ជារៀងរាល់សប្តាហ៍។
លោកបានបញ្ជាក់ថា នៅក្នុងវិបត្តិកូវីដ-១៩ វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប រងគ្រោះធ្ងន់ធ្ងរជាងគេ ដែលក្នុងនោះវិស័យសណ្ឋាគារ និងផ្ទះសំណាក់ បានបិទដំណើរការពី៨០% ទៅ ៩០%។ ប៉ុន្តែបច្ចុប្បន្នគ្រប់ផ្នែកទាំងអស់ ដូចជាសេវាកម្មអាហារដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ បានបើកដំណើរការឡើងវិញ ដែលជាផ្នែកមួយជួយជំរុញ វិស័យសេដ្ឋកិច្ចជាតិ ឲ្យកាន់តែល្អប្រសើរនាពេលឆាប់ៗនេះ។
បើតាមការជូនដំណឹងរបស់ភ្នាក់ងារអាកាសចរណ៍កម្ពុជា កាលពីពេលថ្មីៗនេះ មានជើងហោះហើរនៃក្រុមហ៊ុន Singapore Airline, Lanmei Airline Cambodia Angkor Air នឹងដឹកភ្ញៀវទេចរចូល មកខេត្តសៀមរាប។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ នៅទូទាំងប្រទេស មានសណ្ឋាគារចំនួន ២៥៩ទីតាំង ស្មើនឹង ១៤,៤៥៣ បន្ទប់ និងផ្ទះភ្ញៀវចំនួន ២៩៤ទីតាំង ស្មើនឹង ៣,១៧១បន្ទប់ បានបិទទ្វារជាបន្តបន្ទាប់។
ទីតាំងដែលរងផលប៉ះពាល់ខ្លាំងជាងគេ មានរាជធានីភ្នំពេញ ខេត្តសៀមរាប ស្វាយរៀង កំពត បន្ទាយមានជ័យ និងខេត្តបាត់ដំបង៕