ដោយៈ ជេស៊ីកា
ភ្នំពេញៈ ការស្ថាបនាផ្លូវជាតិលេខ១០ ដែលព័ទ្ឋពេនតាមជ្រលងជើងភ្នំ និងពុះកាត់ជួរភ្នំដ៏វែងអន្លាយ នឹងបង្កើតបានទស្សនីយភាពមួយ ដែលនឹងទាក់ទាញភ្ញៀវទេសចរណ៍ ទៅទស្សនានៅតំបន់នេះច្រើននាពេលអនាគត។
ជាផ្លូវយុទ្ឋសាស្រ្តមួយ ដែលតភ្ជាប់តំបន់ភូមិភាគពាយព្យប្រទេស ទៅកាន់តំបន់ឆ្នេរ ដែលមិនធ្លាប់មានពីមុនមក នឹងធ្វើឲ្យអ្នករស់នៅភូមិភាគពាយ្យដូចជាខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ មិនចាំបាច់ធ្វើដំណើរមកកាន់ផ្លូវជាតិលេខ៥ ហើយឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ និងលេខ៤ទើបទៅដល់តំបន់ឆ្នេរដូចពីមុនឡើយ។
តាមរយៈរូបភាពជាច្រើនសន្លឹក បង្ហាញដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានបង្ហោះលើទំព័របណ្តាញ ទំនាក់ទំនងសង្គមរបស់ក្រសួងកាលពីសប្តាហ៍មុន អំឡុងពេលលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញថា ផ្លូវជាតិដ៏សំខាន់នេះ មានទិដ្ឋភាពដ៏ស្រស់ត្រកាល ផ្លូវព័ទ្ឋពេនវែងអន្លាយតាមជើងភ្នំ ជាមួយនឹងទឹកជ្រោះស្ថិតនៅអមផ្លូវ បានបញ្ជាក់ថា ផ្លូវនេះមានទេសភាពស្អាត និងគួរជាទីគយគន់ មិនចាញ់ផ្លូវជាតិលេខ៥៥ ដែលភ្ជាប់ពីក្រុងពោធិសាត់ឆ្ពោះទៅស្រុកវាលវែង ជាប់ព្រំដែនកម្ពុជា ថៃនោះទេ។
ផ្លូវជាតិលេខ១០ មានប្រវែង១៩៨,៧១គ.ម គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន៥៤,៨៩ភាគរយហើយ។
ផ្លូវជាតិលេខប្រវែង១៩៨,៧១គីឡូម៉ែត្រតភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៣កន្លែងប្រវែង១៧២១,៤៦ម៉ែត្រ ក្នុងនោះមានស្ពានខ្ពស់ជាងគេមួយ ដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ។
គម្រោងផ្លូវនេះ មានការជ្រើសរើសគន្លងផ្លូវថ្មី ប្រវែងសរុប៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញជាពីរនាំឱ្យប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរ ដែលនេះជាការបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលលើការថែរក្សាបរិស្ថាន។
គម្រោងផ្លូវនេះគ្រោងចំណាយថវិកាសរុប ប្រមាណ ១៨៨,៣៨លានដុល្លារសហអាមេរិក ជាហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕