ធនាគារពិភពលោកៈសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន២.២ភាគរយក្នុងឆ្នាំនេះនិងកំណើន៤.៥ភាគរយក្នុងឆ្នាំ២០២២

0

ដោយៈសុផារី

ភ្នំពេញៈ ផលិតផលសរុបក្នុងស្រុក (ផ.ស.ស) របស់កម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើនត្រឹមតែ២.២ភាគរយប៉ុណ្ណោះ នៅក្នុងឆ្នាំនេះ ដោយសារវិស័យសេវាកម្ម រួមមាន វិស័យទេសចរណ៍ និងវិស័យសំណង់ និងអចលនទ្រព្យនៅមានកំណើនយឺត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មា​ន របស់ធនាគារពិភពលោក (World Bank) នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មាន World Bank ដែលបានចេញផ្សាយនៅថ្ងៃទី៩ ធ្នូនេះបានឱ្យដឹងទៀតថា ទន្ទឹមគ្នានេះ វិស័យជាប្រពៃណីក្នុងការជំរុញកំណើន ជាពិសេសឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង និងឧស្សាហកម្មផលិតកង់ រួមទាំងវិស័យកសិកម្មផង នៅតែបន្តដើរតួក្នុងការទ្រទ្រង់ ដល់ការស្តារសេដ្ឋកិច្ច ឲ្យងើបឡើងវិញពីវិបត្តិកូវីដ-១៩។

ទាំងនេះជាបច្ចុប្បន្នភាពចុងក្រោយ នៃស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលធនាគារពិភពលោកបានធ្វើឡើង តាមរយៈរបាយការណ៍ថ្មីមួយក្រោមចំណងជើងថា “រស់ជាមួយកូវីដ-១៩” (Living with COVID-19)។

ថ្វីដ្បិតតែការផលិតសម្រាប់ ការនាំចេញបានរើបឡើងវិញ ហើយការនាំចេញផលិតផលកសិកម្ម មានការកើនឡើងពិតមែនក៏ដោយ ឱនភាពផ្នែកពាណិជ្ជកម្ម បានរីកទំហំកាន់តែធំគួរឱ្យកត់សម្គាល់ ដោយសារមានការកើនឡើង នៃការនាំចូលមុខទំនិញមួយចំនួន ជាពិសេសមាស សម្រាប់យកមកធ្វើជាសញ្ជ័យធន (ការសន្សំ)។

លោកស្រីMaryam Salim ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានថ្លែងថា “យើងទាំងអស់គ្នាបានដឹងហើយថា ពេលនេះកម្ពុជា កំពុងតែរស់នៅជាមួយជំងឺកូវីដ-១៩ ប្រជាជនចំនួនច្រើនលើសលប់បានចាក់វ៉ាក់សាំងការពាររួច ហើយរដ្ឋាភិបាល ក៏បានចាប់ផ្តើមបើកប្រទេស ឲ្យដំណើរការឡើងវិញសឹងតែគ្រប់ផ្នែកហើយដែរ ដោយបន្តអនុវត្តវិធានការការពារសុខភាព ដែលមានជាធរមានស្រាប់”។

លោកស្រីបន្ដថា “នៅពេលនេះ យើងកំពុងតែរៀបចំធ្វើការពិនិត្យឡើងវិញ នូវការបំពេញកិច្ច និងបទពិសោធន៍ (Performance and Learning Review) ដែលនឹងអាចឲ្យយើងពង្រឹង នឹងសម្របភាពជាដៃគូរបស់យើងជាមួយកម្ពុជា ឱ្យបានកាន់តែប្រសើរថែមទៀត ខណៈដែលប្រទេសនេះ កំពុងខិតខំស្តារសេដ្ឋកិច្ច ឱ្យកាន់តែមានភាពស្វិតស្វាញ បន្ទាប់ពីរងផលប៉ះពាល់ខ្លាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩”។

តាមការព្យាករទុក សម្រាប់ពេលខាងមុខ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងបន្តងើបឡើងវិញ បន្ទាប់ពីវិធានការរឹតត្បិតពាក់ព័ន្ធ នឹងកូវីដ-១៩ត្រូវបានដកចេញ។

នៅក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចត្រូវបានរំពឹងទុកថា នឹងសម្រេចកំណើ​ន​៤.៥% ប៉ុន្តែដំណើររើបឡើងវិញនេះ នឹងជួបហានិភ័យទៅវិញ ប្រសិនបើមានការសាយភាព នៃវីរុសនេះជាថ្មីម្តងទៀត។

ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានកម្លាំងស្ទុះងើបឡើងវិញ របាយការណ៍នេះ បានផ្តល់អនុសាសន៍ថា កម្ពុជាចាំបាច់ ត្រូវធ្វើកំណែទម្រង់នូវផ្នែកសំខាន់ៗមួយចំនួន ក្នុងនោះ មានការដាក់ចេញនូវវិធាន និងបទប្បញ្ញត្តិច្បាស់លាស់ស្តីពីការរៀនរស់ជាមួយកូវីដ-១៩ស្របតាម គន្លងប្រក្រតីភាពថ្មី វិធានការផ្នែកបទប្បញ្ញត្តិ និងផ្នែកសារពើពន្ធ ដែលជួយដល់ការរស់រានឡើងវិញ របស់វិស័យទេសចរណ៍ និងការដាក់ចេញជាបន្ទាន់ នូវបទប្បញ្ញត្តិនានាសម្រាប់អនុវត្តច្បាប់និយោគថ្មី។

របាយការណ៍នេះ បានបន្ថែមទៀតថា កាលណាការងើបឡើងវិញ នៃសេដ្ឋកិច្ចលេចចេញជារូបរាងហើយ កម្ពុជាអាចចាប់ផ្តើមរៀបចំកែសម្រួល លំហសារពើពន្ធ របស់ខ្លួនឡើងវិញ។ ហើយជាមួយគ្នានោះ បន្តតាមដានមើលលើគុណភាពរបស់ធនធាន និងបង្កើនភាពទុកចិត្តលើប្រព័ន្ធធនាគារ ឲ្យបានកាន់តែប្រសើរឡើងថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here