ដោយៈ សុផារី
ភ្នំពេញៈ ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបើកដំណើរការជាធម្មតាឡើងវិញ សម្រាប់ជើងហោះហើរត្រង់ រវាងចិន-កម្ពុជា នាពេលខាងមុខ ខណៈដែលភាគីចិនបាន និងកំពុងពិចារណា ចំពោះការបើកទូលាយ ក៏ដូចជាបន្ធូរបន្ថយវិធានការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ក្នុងប្រទេសរបស់ខ្លួន។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា បានមានប្រសាសន៍ថា នៅតាមប្រទេសនីមួយៗ មានការដាក់ចេញនូវវិធានការ និងគោលការណ៍ផ្សេងៗគ្នា ក្នុងការទប់ស្កាត់និងកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ យ៉ាងណាមិញប្រទេសចិន ក៏មានគោលការណ៍ក្នុងការគ្រប់គ្រង ក៏ដូចជា វិធានការរឹតបន្តឹងនូវការហោះហើរចេញចូលប្រទេសរបស់ខ្លួនដែរ ។
ទោះយ៉ាងណាក្តីលោកថា បន្ទាប់ពីមានការឯកភាព ក៏ដូចជា ជជែកគ្នា ពីថ្នាក់ដឹកនាំកំពូលការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន មកនោះភាគីចិនបានផ្តល់នូវសញ្ញាវិជ្ជមានដល់កម្ពុជា ដោយភាគីចិនបានបង្ហើបថា ខ្លួននឹងពិចារណាក្នុងការអនុញ្ញាត ឱ្យមានការហោះហើរចេញចូលប្រទេសចិន និង ប្រទេសកម្ពុជា ហើយនឹងមានចំណាត់ការ ក៏ដូចជាវិធានការដោយឡែកសម្រាប់ការហោះហើរចេញចូលនេះផងដែរ ។
លោកបានបន្តថា ពាក់ព័ន្ធនឹងការជជែកគ្នានេះដែរ ក៏មិនទាន់មានការកំណត់ ពេលវេលាជាក់លាក់ណាមួយនៅឡើយទេ ដោយភាគីចិនត្រូវការពេលវេលាបន្ថែមទៀត ក្នុងការសិក្សា និងពិចារណាឱ្យបានល្អិតល្អន់ ដើម្បីធានាពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ យ៉ាងណាកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការទទួលអ្នកដំណើរមកពីចិន និងការបើកដំណើរការឡើងវិញនៃជើងហោះហើរត្រង់ ពីចិនមកកម្ពុជាបន្ថែមទៀត ។
លោកបានឱ្យដឹងថា “ប៉ុន្តែវិធានការនេះ គឺត្រូវការពេលវេលាបន្ថែម ដោយមកដល់បច្ចុប្បន្ននេះ មិនទាន់មានការរីកចម្រើនអ្វីទេ ដោយភាគីចិនបើកនៅកម្រិតណា បន្ធូរបន្ថយដល់កម្រិតណា សម្រាប់អ្នកដំណើរតាមផ្លូវអាកាសរបស់គាត់ចេញចូលប្រទេសកម្ពុជា”។ លោកបន្តថា គោលការណ៍នេះមិនសំដៅលើប្រទេសកម្ពុជា តែមួយនោះទេ គឺមានប្រទេសផ្សេងៗទៀត អ៊ីចឹងគឺភាគីកម្ពុជាមិនមានបញ្ហាអ្វីទេ ដូចដែលដឹងស្រាប់ហើយ គឺកម្ពុជាបានបើកទូលាយ ដោយមានការកាត់បន្ថយវិធានការ ចត្តាឡីស័កជាច្រើន គឺនៅសល់តែនីតិវិធីបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីធានាថាកម្ពុជាអាចគ្រប់គ្រងនូវការនាំចូល ឬការរីករាលដាលនៃជំងឺកូវីដ១៩នេះ ហើយភាគីកម្ពុជាបានត្រៀមខ្លួនរួចហើយ សម្រាប់ការទទួលស្វាគមន៍ភ្ញៀវទេសចរ”។
កំណើននៃអ្នកដំណើរតាមផ្លូវអាកាសនិងជើងហោះហើរ នឹងមិនមានការចាប់អារម្មណ៍ដល់ទីផ្សារអាកាសចរណ៍ និងទេសចរណ៍ ខ្លាំងក្លានោះទេ ប្រសិនបើការដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរកម្ពុជា-ចិននៅមានកម្រិត ខណៈដែលកាលពីឆ្នាំ២០១៨និង២០១៩ ទីផ្សារធំសម្រាប់ការហោះហើរចេញចូលមកកម្ពុជានេះ គឺប្រទេសចិន ៕