ដោយៈសុខុម
បាងកក: សមាគមក្រុមហ៊ុនអាកាសចរណ៍ថៃ (AAT) កំពុងជំរុញឱ្យរដ្ឋាភិបាលថៃ ពិចារណាផ្ដល់ការលើកលែងទិដ្ឋាកា សម្រាប់អ្នកធ្វើដំណើរអន្តរជាតិ ដើម្បីទាក់ទាញអ្នកធ្វើដំណើរ តាមផ្លូវអាកាសបន្ថែមទៀត ខណៈការប្រកួតប្រជែង ទូទាំងពិភពលោកកាន់តែខ្លាំងក្លា។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃអង្គារ ទី១៤ ធ្នូ នេះ។
លោក Puttipong Prasarttong-Osoth ប្រធានក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways និងជាប្រធានAAT បានលើកឡើងថា ការបន្ធូរបន្ថយបន្ថែមទៀត នូវវិធានស្ដីពីការធ្វើដំណើរ និងថ្លៃចំណាយដូចជាថ្លៃទិដ្ឋាកា ឬការធ្វើតេស្តម៉ាស៊ីនធំ RT-PCR ដើម្បីរកវីរុសកូវីដ-១៩ ជាដើមនឹងជំរុញឱ្យកំណើនតម្រូវការ។
ការលើកលែងទិដ្ឋាកាគឺជាវិធានការមួយ ដែលនឹងជួយបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០២២ ឱ្យឈានដល់ចំនួនគោលដៅ១០លាននាក់។
លោក Puttipong បានថ្លែងដូច្នេះថា “យើងកំពុងស្ថិតក្នុងដំណាក់កាលប្រកួតប្រជែងយ៉ាងខ្លាំងក្លា ដោយសារគ្រប់ប្រទេសទាំងអស់ សុទ្ធតែត្រូវការភ្ញៀវទេសចរ ដើម្បីទប់ទល់នឹងផលប៉ះពាល់សេដ្ឋកិច្ច”។ លោកបន្តថា “ការបន្ធូរបន្ថយបន្ថែមទៀត លើវិធានការរឹតបន្តឹងនានា នឹងជួយលើកកម្ពស់ការប្រកួតប្រជែងរបស់យើង”។
ក្នុង “សន្និសីទឧស្សាហកម្មអាកាសចរណ៍ថៃ ឆ្នាំ២០២១៖ ការហោះហើរ ឆ្ពោះទៅកាន់យុគសម័យថ្មី នៃអាកាសចរណ៍ថៃ” លោក Puttipong បានលើកឡើងថា ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសថៃ នឹងអាចស្ដារឡើងវិញបាន ត្រឹមចន្លោះពី២០%ទៅ៣០%នៃកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ប៉ុណ្ណោះ ថ្វីបើថៃ បើកប្រទេសទទួលស្វាគមន៍ឡើងវិញ កាលពីថ្ងៃទី១ វិច្ឆិកា កន្លងទៅយ៉ាងណាក្ដី។
ប្រធានសមាគមក្រុមហ៊ុនអាកាសចរណ៍ថៃ (AAT) រូបនេះបានគូសបញ្ជាក់ថា វិធានការជួយគាំទ្រ បណ្ដាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក គួរតែបន្តរយៈពេល១ឆ្នាំទៅ២ឆ្នាំ៕ Bangkok Post៕