ដោយៈគង់ សូរិយា
ព្រះសីហនុៈ នៅទីបំផុតការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ។
ការប្រកួតនៅលើផ្ទៃសាគរ នាតំបន់ឆ្នេរសុខាជាលទ្ឋផល ម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប៨គ្រឿង រួមមានមេដាយមាស ១ ប្រាក់៤ និងសំរឹទ្ធ៣ ។
ព្រឹត្តិការណ៍ប្រចាំតំបន់លើកដំបូង នៅកម្ពុជានេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប២៧នាក់ មកពីប្រទេសចំនួន៣ រួមមានម្ចាស់ផ្ទះកម្ពុជា សិង្ហបុរី(សហម្ចាស់ផ្ទះ) និងម៉ាឡេស៊ី ដែលប្រកួតលើ ៥វិញ្ញាសា រួមមានវិញ្ញាសា RS:One, ILCA6, ILCA7, Techno 293 និងវិញ្ញាសា ILCA4 តែវិញ្ញាសា ILCA4 នេះ កម្ពុជា ពុំបានបញ្ជូនអត្តពលិកចូលរួមប្រកួតនោះទេ ។
ជាលទ្ធផលនៃការប្រកួត ក្រុមកីឡាទូកក្ដោងកម្ពុជា បានឈរលេខរៀងទី២ ក្នុងចំណោម៣ប្រទេស ដែលដណ្ដើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស ១ ប្រាក់ ៤ និងសំរឹទ្ធ៣ ។ រីឯសិង្ហបុរី ឈរលេខ១ ដោយដណ្ដើមបានមេដាយសរុប១១គ្រឿង រួមមានមេដាយមាស៥ ប្រាក់២ និងសំរឹទ្ធ ៤ និងក្រុមកីឡាទូកក្ដោងម៉ាឡេស៊ី ឈរលេខរៀងទី៣ ដណ្ដើមបានមេដាយ២គ្រឿង គឺមេដាយមាស១ និងប្រាក់ ១ ។
ជាមួយការទទួលធ្វើម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍អន្ដរជាតិលើកដំបូងនេះ កម្ពុជាបានទទួលការកោតសរសើរ ពីជំនាញការអន្ដរជាតិ ពិសេសលោក Chan Khun Sing Joseph ប្រធានគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត បានវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ដែលមានធនធាន មានសមត្ថភាពគ្រប់គ្រាន់ អាចរៀបចំការប្រកួតអន្ដរជាតិដោយខ្លួនឯង ទាំងគណៈកម្មការបច្ចេកទេស និងកីឡាករ-កីឡាការិនី ស្របពេលឆ្នេរសមុទ្រកម្ពុជា មានលក្ខណៈស្ដង់ដារអាចរៀបចំការប្រកួតអន្ដរជាតិបាន។
ជំនាញការអន្ដរជាតិដដែលបានសង្កត់ធ្ងន់ថា ទោះបីកម្ពុជា ទើបទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតអន្ដរជាតិលើកដំបូង ប៉ុន្ដែកម្ពុជា បានរៀបចំ និងទទួលបដិសណ្ឋារកិច្ច ចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងភ្ញៀវចូលរួមព្រឹត្តិការណ៍នេះ បានយ៉ាងល្អប្រសើរ ប្រកបដោយភាពកក់ក្ដៅ។ មិនតែប៉ុណ្ណោះ លោកបានអំពាវនាវឲ្យប្រតិភូ និងកីឡាករ-កីឡាការិនីទាំងអស់ បន្ទាប់ពីបានចូលរួមការប្រកួតនៅកម្ពុជា សូមប្រាប់ទៅមិត្តភ័ក្ដ្របងប្អូនវិញថា ឆ្នេរសមុទ្រនៅកម្ពុជាពិតជាស្រស់ស្អាតខ្លាំងណាស់ទៀតផង៕