មហាយក្សចិន កំពុងខួងធ្វើផ្លូវរូងក្រោមដីវែងបំផុតក្នុងពិភពលោកកាត់សមុទ្រខ្សាច់

0

ដោយសុខុម

ប៉េកាំង: ប្រទេសចិន កំពុងខួងធ្វើផ្លូវរូងក្រោមដីវែងបំផុតក្នុងពិភពលោកកាត់សមុទ្រខ្សាច់នៅតំបន់ដ៏ហួតហែងបំផុតមួយលើភពផែនដី។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី១៨ ធ្នូ។

ទោះជាយ៉ាងណា ពេលនេះគម្រោងសាងសង់ផ្លូវរូងក្រោមដីស្រាប់តែជួបប្រទះនឹងបញ្ហានឹកស្មានមិនដល់ នោះគឺការភុលទឹកយ៉ាងខ្លាំងចេញពីក្នុងដីដែលបង្កការលំបាកដល់ការងារសាងសង់។

ក្រុមវិស្វករដែលចូលរួមអនុវត្តគម្រោងនៅតំបន់ភ្នំស្វយ័តស៊ីនជាំង (Xinjiang) ដែលស្ថិតនៅចុងភាគខាងលិចនៃប្រទេសចិន ខាងលើនេះឱ្យដឹងថា ប្រវែងជាងពាក់កណ្តាលនៃផ្លូវរូងក្រោមដីនេះត្រូវឆ្លងកាត់សមុទ្រខ្សាច់ដ៏ស្ងួតហួតហែង។

លោក Deng Mingjiang សាស្ត្រាចារ្យនៃបណ្ឌិត្យសភាវិស្វកម្មចិន (Chinese Academy of Engineering (CAE)) បានថ្លែងប្រាប់ព្រឹត្តិបត្រ Tunnel Construction កាលពីខែមុនថា “កម្រិតទឹកក្រោមដីខ្ពស់បានបណ្តាលឱ្យមានឧប្បត្តិទឹកភុលចូលការដ្ឋានជាញឹកញាប់ ដែលអាចប៉ះពាល់ខ្លាំងដល់កាលវិភាគនៃការសាងសង់”។

គម្រោងដ៏ធំមហិមាដែលគ្មានការបញ្ជាក់ច្បាស់លាស់អំពីទំហំទុនវិនយោគសរុបនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបញ្ជូនទឹកពីជួរភ្នំ Altai Mountains ចូលទៅកាន់វាលខ្សាច់ដ៏ធំល្វឹងល្វើយនៃតំបន់ភ្នំស្វយ័តស៊ីនជាំង ឆ្លងកាត់តាមផ្លូវរូងក្រោមដីជីកយ៉ាងជ្រៅប្រវែង៥០០គីឡូម៉ែត្រ។

ក្នុងចំណោមផ្លូវរូងក្រោមដីធំទាំង៣ក្នុងគម្រោងនេះ ផ្លូវរូងក្រោមដី Kashuang គឺវែងជាងគេដែលមានប្រវែងរហូតដល់ទៅ២៨០គីឡូម៉ែត្រ ហើយវាវែងជាង២ដងបើធៀបនឹង Delaware Aqueduct ដែលជាផ្លូវរូងក្រោមដីផ្គត់ផ្គង់ទឹកដ៏សំខាន់របស់ទីក្រុងញូវយ៉ក។ ផ្លូវរូងក្រោមដីក្រុងញូវយ៉ក នេះបានរក្សាកំណត់ត្រាឯតទគ្គកម្មជាផ្លូវរូងក្រោមដីដែលវែងជាងគេលើពិភពលោកចាប់តាំងពីឆ្នាំ១៩៤៥ មក។

ទោះជាយ៉ាងណា ក្រុមការងារខួងដីរបស់ចិន បានជួបឧបសគ្គយ៉ាងខ្លាំងដោយសារជួបប្រទះប្រភពទឹកក្រោមដីដ៏សម្បូរជាញឹកញាប់ ដែលអាចភុលពេញអាងហែលទឹកមួយក្នុងពេលត្រឹមតែមួយម៉ោង។

បណ្ឌិត្យសភាវិស្វកម្មចិន (CAE) បានរាយការណ៍បន្ថែមទៀតថា នៅពេលណាដែលភ្លើងសញ្ញាព្រមានអំពីការជន់លិចបញ្ចេញពន្លឺពណ៌ក្រហម ក្រុមកម្មករនឹងត្រូវជម្លៀសខ្លួនចេញ ហើយម៉ាស៊ីនខួងនឹងត្រូវបញ្ឈប់ និងដកថយភ្លាមៗ បើមិនដូច្នោះទេនឹងប្រថុយការខូចខាតធ្ងន់ធ្ងរ។ ដំណើរការសាងសង់ត្រូវបានរាំងខ្លាំងដោយសារតំបន់ដីសើមទាំងនេះ។

គម្រោងនៅតំបន់ស៊ីនជាំង នេះមានគោលបំណងបង្វែរប្រភពទឹកពីប៉ែកខាងលើនៃទន្លេ Irtysh River ដែលមានប្រភពចេញពីជួរភ្នំ Altai Mountains ក្នុងប្រទេសចិន ហើយហូរទៅភាគខាងជើងកាត់តាមប្រទេសកាហ្សាក់ស្ថាន និងប្រទេសរុស្ស៊ី ចូលទៅក្នុងសមុទ្រអាកទិក (Arctic Sea)។

ការពឹងផ្អែកកាន់តែខ្លាំងឡើងរបស់ប្រទេសចិន ទៅលើប្រភពទឹកស្ទឹង Irtysh River បានធ្វើឱ្យកាហ្សាក់ស្ថាន និងរុស្ស៊ី ដែលជាប្រទេសជិតខាងរបស់ខ្លួនមិនសប្បាយចិត្តយ៉ាងខ្លាំង ព្រោះវាជាជម្លោះផលប្រយោជន៍។

ទោះជាយ៉ាងណា សារព័ត៌មានរដ្ឋរបស់ចិន បានចុះផ្សាយ និងបញ្ចេញព័ត៌មានតិចតួចណាស់អំពីគម្រោងផ្លូវក្រោមដីនៅតំបន់ស៊ីនជាំង នេះ ហើយកាលបរិច្ឆេទផ្លូវការសម្រាប់គម្រោងនេះក៏មិនទាន់បានកំណត់នៅឡើយដែរ។

យោងតាមក្រុមអ្នកជំនាញឱ្យដឹងថា ការងារសាងសង់ផ្លូវរូងក្រោមដីនេះសម្រេចបានប្រមាណ៦០%ហើយគិតត្រឹមដំណាច់ខែមិថុនា ពោលគឺ២ឆ្នាំក្រោយពីដំណើរការសាងសង់ចាប់ផ្ដើម។ ប៉ុន្តែការភុលទឹកជន់លិចពេលខួងដីនឹងធ្វើឱ្យមានការពន្យារពេលច្រើន ឬបញ្ចប់យឺតយ៉ាវជាងការគ្រោងទុកឆ្ងាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here