ក្រុមហ៊ុន Vietnam Airlines នឹងចាប់ផ្តើមហោះហើរមកកម្ពុជានៅដើមឆ្នាំក្រោយ

0

ដោយៈសុផារី

ហាណូយៈ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines របស់ប្រទេ​សវៀតណាម បានប្រកាសថា ខ្លួននឹងបន្តជើងហោះហើរ ពាណិជ្ជកម្មធម្មតាឡើងវិញ ទៅកាន់គោលដៅបរទេសចំនួន១៥ រួមមានទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប ចាប់ពីដើមឆ្នាំ២០២២ខាងមុខនេះតទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នៅថ្ងៃសុក្រ ទី២៤ ខែធ្នូ នេះ។

រដ្ឋាភិបាលវៀតណាម បានអនុម័តឱ្យបន្តជើងហោះហើរអន្តរជាតិនៅលើផ្លូវចំនួន៩ ចាប់ពីថ្ងៃទី១ ខែមករា និងចំនួន៦បន្ថែមទៀត ចាប់ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ខាងមុខនេះតទៅ។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានប្រកាសថា ខ្លួននឹងចាប់ផ្តើមជើងហោះហើរ ចាប់ពីកាលបរិច្ឆេទទាំងនោះតទៅតែម្តង។

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គ្រោងនឹងចាប់ផ្តើមជើងហោះហើរ ទៅកាន់ទីក្រុងបាងកក (ប្រទេសថៃ) ប៉េកាំង/ក្វាងចូវ (ប្រទេសចិន) ភ្នំពេញ (កម្ពុជា) សាន់ហ្វ្រាន់ស៊ីស្កូ ឬឡូសអាន់ជឺលេស (សហរដ្ឋអាមេរិក) សេអ៊ូល (កូរ៉េខាងត្បូង) សិង្ហបុរី តៃប៉ិ (កោះតៃវ៉ាន់) តូក្យូ (ជប៉ុន) និងវៀងច័ន្ទ (ឡាវ) ខណៈខ្លួនកំពុងរង់ចាំការអនុម័តពី អាជ្ញាធរអាកាសចរណ៍ ដើម្បីចាប់ផ្តើមការលក់សំបុត្រ។

បន្ទាប់មក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ខ្លួនគ្រោងនឹងពង្រីកបន្ថែមទៅដល់ទីក្រុងហ្វ្រេងហ្វឺត (ប្រទេសអាល្លឺម៉ង់) ទីក្រុងហុងកុង គូឡាឡាំពួរ (ម៉ាឡេស៊ី) ម៉ូស្គូ (រុស្ស៊ី) ប៉ារីស (បារាំង) និងស៊ីដនី (អូស្ត្រាលី) ផងដែរ។

រាល់អ្នកដំណើរដែលមកដល់ទាំងអស់ លើកលែងតែកុមារអាយុក្រោម ០២ឆ្នាំ ត្រូវតែធ្វើតេស្ត PCR ឃើញលទ្ធផលអវិជ្ជមានចំពោះ កូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងមុនពេលចេញដំណើរ។

ប្រទេសវៀតណាម បានបិទព្រំដែនរបស់ខ្លួន និងផ្អាកជើងហោះហើរអន្តរជាតិកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ដោយអនុញ្ញាតឱ្យតែប្រ​ជា​​​ពលរដ្ឋ អ្នកជំនាញបរទេស អ្នកវិនិយោគ និងកម្មករដែលមានជំនាញខ្ពស់ ចូលទៅ តាមរយៈជើងហោះហើរពិសេសរបស់ខ្លួនប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here