កម្ពុជាជ្រើសរើសប្រាសាទសំបូរព្រៃគុកសម្រាប់ដាក់តាំងពីពិព័រណ៍ចិន-អាស៊ាន

0

ដោយ ៖ វត្ថា

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងចូលរួមពិពរ័ណ៍ចិន-អាស៊ាន ដែលជាព្រឹត្តិការណ៍​ប្រចាំឆ្នាំដ៏ធំរបស់ទីក្រុងណាននីង ត្រូវបានរៀបចំឡើងចាប់តាំងពី​ឆ្នាំ២០០៤ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការទូត ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសក្នុងតំបន់។

នៅក្នុងឆ្នាំនេះ គឺជាខួបលើកទី១៥ នៃពិព័រណ៍ចិន-អាស៊ាន ដែលប្រារព្ធឡើងក្រោម​ប្រធានបទ “រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ លើកិច្ចសហប្រតិបត្តិការនៃ​ភាព​ច្នៃប្រឌិតថ្មី ចិន-អាស៊ាន” ដោយផ្តោតសំខាន់ទៅលើការតាំងបង្ហាញផលិតផល​ប្រើប្រាស់ និងសេវាកម្មទូទៅ អមដោយការរៀបចំវេទិកាពាណិជ្ជកម្ម និងកិច្ចប្រជុំនានា ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់ទំនងការទូត និងជាយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងចិន-អាស៊ាន។

ក្នុងនាមជាប្រទេសកិត្តិយសនៃពិព័រណ៍ចិន-អាស៊ាន កម្ពុជាបានជ្រើសរើសប្រាសាទ​សំបូរព្រៃគុក ដែលជាកូនក្រមុំលាក់ខ្លួន នៅក្នុងខេត្តកំពង់ធំ ដើម្បីតុបតែងពន្លាជាតិ ឱ្យទៅជាទីក្រុងដ៏ស្រស់ប្រិមប្រិយ ដែលមានអគារទំហំ ៤៥ x ៦០ម៉ែត្រ អាចរៀបចំ​ស្តង់បង្ហាញផលិតផល និងសេវាកម្មចំនួន ១៤៦ស្តង់ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគ និងទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ឱ្យចូលមក​បណ្តាក់ទុន និងទស្សនាប្រាសាទនានាកាន់តែច្រើននាពេលអនាគត។ ចាប់តាំងពីការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ កូនក្រមុំលាក់ខ្លួនរបស់កម្ពុជា បានទាក់ទាញភ្ញៀវទេសចរជនជាតិចិន ឱ្យចូលមកកម្សាន្តឥតឈប់ឈរ និងបានទិញយកនូវវត្ថុអនុស្សាវរីយ៍ ដែលសុទ្ធសឹងជាផលិតផលខ្មែរត្រលប់ទៅវិញថែមទៀត។

តាមរយៈការចូលរួមព្រឹត្តិការណ៍នេះ ក៏បានធ្វើឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជា កាន់តែមានភាពជាម្ចាស់ការ ហើយវិស័យសិល្បៈ និងវប្បធម៌របស់កម្ពុជា ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈការសម្តែង និងការបង្ហាញនៅពន្លាជាតិរបស់កម្ពុជា។ ក្រៅពីបង្ហាញវត្តមានកូនក្រមុំលាក់ខ្លួន ក្រសួងពាណិជ្ជកម្ម ដែលទទួលខុសត្រូវរួម ក្នុងការចូលរួមពិព័រណ៍ឆ្នាំនេះ ក៏បានរៀបចំសិក្ខាសាលាខ្លីៗ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយវិនិយោគ និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា អមដោយពិធីចុះហត្ថលេខាលើគម្រោងវិនិយោគថ្មីៗចំនួន ១២ រវាងវិនិយោគិនចិន និងសហគ្រិនកម្ពុជា និងសហគ្រិនចិន ដែលមានតម្លៃគិតជាទឹកប្រាក់ ៧៩,៦៣លានដុល្លារសហរដ្ឋអាមេរិក​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here