ដោយ៖ ស្រីលិះ
ភ្នំពេញ៖ ការធ្វើជាភ្នាក់ងារអចលនវត្ថុតម្រូវឱ្យអ្នកចេះក្បួនចរចាជំនួសអតិថិជនដើម្បីទទួលបានលទ្ធផលដែលចំណេញខ្ពស់បំផុត។ សមត្ថភាពក្នុងការចរចារបស់អ្នកស្ថិតនៅលើទីផ្សារក្នុងស្រុកដែលអ្នកស្គាល់ច្បាស់។ ជាទូទៅ ការទិញលក់ផ្ទះធ្វើឡើងក្នុងរបៀបរហ័សណាស់ជាពិសេសនៅក្នុងចរន្តសព្វថ្ងៃនេះ។ ក្នុងនាមជាភ្នាក់ងារ អ្នកត្រូវមានការសម្រេចចិត្តខ្ពស់និងបត់បែនឱ្យទាន់សភាពការណ៍នៅក្នុងពេលលក់ ទិញ និងដំណើរការចរចាទាំងមូល។

-->
នេះជាយុទ្ធសាស្រ្តមួយចំនួនដែលជួលដល់ការចរចាឱ្យទទួលបានលទ្ធផលខ្ពស់៖
១. សាកសួរបញ្ជាក់
ការប្រើប្រាស់ភាសាស្របធ្វើឱ្យដៃគូសន្ទនាមានអារម្មណ៍ថាពាក្យសម្តីដែលគេបាននិយាយមានមនុស្សយកចិត្តទុកដាក់ស្តាប់។ នៅក្នុងករណីជាច្រើន ការសាកសួរបញ្ជាក់អាចធ្វើឱ្យដៃគូសន្ទនាយល់ថាគំនិតរបស់អ្នកមានប្រភពចេញពីគេ ដែលកាន់តែធ្វើឱ្យគេចង់ចែករំលែកនិងបញ្ចេញយោបល់ច្រើនថែមទៀត។ ការរក្សាភាពរស់រាយរាក់ទាក់និងការសួរបញ្ជាក់ក៏អាចផ្តល់អារម្មណ៍វិជ្ជមានបានកាន់តែច្រើនដែរ។
២. សម្តែងទឹកមុខ
អាស្រ័យលើប្រភេទមនុស្សដែលអ្នកកំពុងតែចរចាជាមួយ អ្នកត្រូវយកចិត្តទុកដាក់ចំពោះការលើកដាក់សំឡេង បង្ហាញទឹកមុខ និងប្រើភាសាកាយវិការឱ្យបានត្រឹមត្រូវ។ ការសម្តែងទឹកមុខរបស់យើងជាច្រើនកើតឡើងដោយមិនដឹងខ្លួន ប៉ុន្តែទឹកមុខមនុស្សមានឥទ្ធិពលលើអារម្មណ៍របស់ភាគីម្ខាងទៀតដែលមើលឃើញ។ ជាងនេះទៅទៀត ទឹកមុខក៏មានឥទ្ធិពលលើអារម្មណ៍អ្នកផ្ទាល់ដែរ។ ឧទាហរណ៍ថាបើអ្នកញញឹម សំឡេងរបស់អ្នកក៏ប្តូរទៅជាទន់ភ្លន់ដែរ។
៣. គ្រប់គ្រងអារម្មណ៍
អ្នកមិនអាចដឹងមុខទេថាដៃគូចរចារបស់អ្នកនឹងសម្តែងអារម្មណ៍កិរិយាឬអារម្មណ៍បែបណាទេនៅក្នុងពេលចរចា។ គេអាចនឹងនិយាយចំៗ ឬប្រើយុទ្ធសាស្រ្តគ្របសង្កត់ដើម្បីបំបាក់ស្មារតីអ្នក។ ប៉ុន្តែរឿងដែលសំខាន់គឺអ្នកត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានគ្រប់ពេល គឺមិននិយាយគ្របលើគេ ហើយក៏មិនបណ្តោយឱ្យគេគ្របអ្នកបាន។
៤. ស្រាវជ្រាវគ្រប់យ៉ាង
បើអ្នកធ្វើការជាមួយភ្នាក់ងារអចលនវត្ថុម្នាក់ទៀត អ្នកត្រូវសិក្សាស្រាវជ្រាវនិងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយអំពីសាវតារនៃការងារនិងរបៀបនៃការចរចាដែលគេធ្លាប់ប្រើ គឺត្រូវដឹងទាំងចំណុចខ្លាំងនិងចំណុចខ្សោយ។ មធ្យោបាយមួយដើម្បីទទួលបានព័ត៌មានសំខាន់ពីដៃគូចរចាគឺតាមរយៈបណ្តាញ។ សាកល្បងសួរគេឯងតើគេស្គាល់អ្វីខ្លះអំពីដៃគូចរចារបស់អ្នក។
៥. ស្នើតម្លៃដែលគៀកនឹងទីផ្សារ
នៅពេលស្នើតម្លៃដំបូងជំនួសឱ្យអតិថិជន អ្នកមិនត្រូវផ្តល់ក្នុងកម្រិតទាបបំផុតទេ។ ការធ្វើបែបនេះមិនត្រឹមតែនាំឱ្យភាគីម្ខាងទៀតអន់ចិត្តឬខឹងសម្បារប៉ុណ្ណោះទេ ប៉ុន្តែគេប្រហែលលែងចង់និយាយជាមួយអ្នកទៀតផង ជាពិសេសពេលអ្នកកំពុងតែស្ថិតនៅទីផ្សារអ្នកលក់។ អ្នកគួរតែស្គាល់តម្លៃទីផ្សារបច្ចុប្បន្ន ហើយផ្តល់ជូនខ្ពស់ជាងឬទាបជាងបន្តិចអាស្រ័យលើភាគីអ្នកលក់ឬអ្នកទិញដែលអ្នកកំពុងតែតំណាងឱ្យ។
៦. មានផែនការបម្រុង
អ្នកពូកែចរចាតែងតែដឹងថាការចរចាភាគច្រើនមិនអាចឈានទៅរកលទ្ធផលដូចការរំពឹងទុកនោះទេ លុះត្រាតែទីផ្សារផ្អៀងខ្លាំងទៅរកអ្នក។ ដូច្នេះហើយ អ្នកត្រូវតែត្រៀមផែនការបម្រុងទុកជានិច្ចដើម្បីជួយកំណត់ដឹងថាពេលណាដែលត្រូវព្រមព្រៀងគ្នា និងពេលណាដែលត្រូវដើរចេញពីការចរចាដោយមិនខកចិត្ត។ ដើម្បីមានផែនការបម្រុងល្អ អ្នកត្រូវស្គាល់ឱ្យបានច្រើនអំពីដៃគូរបស់អ្នក៕