ដោយ៖ សុផារី
កែប៖ កំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលចំណាយថវិការក្នុងការសាងសង់ប្រមាណ១,២លានដុល្លារ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២២នេះ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

-->
ទីតាំងផែដែលទើបសាងសង់រួចនេះ ស្ថិតនៅកំពង់ផែចាស់ នៃកោះទន្សាយ ក្រុងកែប ខេត្តកែប ដែលបានប្រើរយៈពេលសាងសង់២៤ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍កាលពីពេលកន្លងទៅថា គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយនេះ សម្រាប់ត្រៀមបម្រើដល់វិស័យទេសចរណ៍ ដែលមានលទ្ធភាពអាចទទួលចតនាវាផ្ទុកអ្នកដំណើរបានក្រោម៣០០នាក់ ចំពោះទំនិញផ្សេងៗ អាចដឹកបាន មិនលើសពី១៥តោននោះទេ។

កំពង់ផែទេសចរណ៍កោះទន្សាយនេះ ចំណាយថវិការក្នុងការសាងសង់ប្រមាណជិត៥ពាន់លានរៀល ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានសណ្ឋានជារូបក្តាម ចម្ងាយពីដីគោកចូលទៅក្នុងសមុទ្រប្រមាណ៣០៦ម៉ែត្រ ទទឹង៦៨ម៉ែត្រ មានផ្ទៃក្រឡាសរុបប្រមាណជាង ៤ពាន់ម៉ែត្រការ៉េ (៤៦៦១,៥០ម៉ែត្រការ៉េ)។

កំពង់ផែនេះត្រូវបានសាងសង់ក្នុងគោលបំណងពង្រីកសក្ដានុពលទេសចរណ៍របស់ខេត្ត និងបម្រើដល់វិស័យទេសចរណ៍ ហើយក្រៅពីបម្រើដល់វិស័យទេសចរណ៍ក្នុងស្រុក កំពង់ផែទេសចរណ៍កោះទន្សាយ គឺជាផលិតផលទេសចរណ៍ដ៏មានសក្តានុពល ដែលនឹងទាក់ទាញភ្ញៀវទេសចរបរទេស តាមរយៈការដឹកជញ្ជូនពីប្រទេសជិតខាង៕
