គម្រោងអេកូទេសចរណ៍ថ្មីមួយទៀតនឹងលេចរូបរាងឡើងនៅក្រុងបូគោ

0

ដោយ: ម៉ាលីស

កំពតៈ ខេត្តកំពតជាខេត្តគោលដៅទេសចរណ៍ ដ៏ទាក់ទាញមួយនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសម្ពុជា ហើយវិនិយោគិនជាច្រើនក៏បាននិងកំពុងសម្លឹងទៅរកការវិនិយោគលើវិស័យទេសចរណ៍ ក្នុងនោះក៏មានការវិនិយោគលើអចលនទ្រព្យ សម្រាប់គាំទ្រដល់វិស័យទេសចរណ៍ផងដែរ។

ក្រៅពីនេះខេត្តនេះក៏បាន និងកំពុងអភិវឌ្ឍន៍ទៅលើអេកូទេសចរណ៍ខ្នាតតូចៗជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរពីតំបន់ផ្សេង មកលេងកម្សា​ន្តនៅក្នុងខេត្តកំពត ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ដឹកនាំដោយលោកនេត្រ ភ័ត្រាអ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងស្នើសុំគម្រោងវិនិយោគអេកូទេសចរណ៍ ខ្នាតតូចទំហំមិនលើស១០ហិកតា ចំនួន១គម្រោង និងចុះកំណត់បោះព្រំប្រទល់ដីវិនិយោគ គម្រោងអភិវឌ្ឍន៍ទេស​ចរណ៍ធម្មជាតិផ្ទៃដី មិនលើសដប់ហិកតាចំនួន៦គម្រោង ដើម្បីបើកភ្លើងខៀវដល់ការវិនិយោគ លើគម្រោងអេកូទេសចរណ៍ ក្នុងខេត្តតំបន់សមុទ្រមួយនេះ។

ក្រុមមន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្តកំពត និងក្រុមហ៊ុន សរុបប្រមាណ១៩រូប កាលពីពេលថ្មីៗនេះ ចុះពិនិត្យទីតាំងជាក់ស្តែង និងប្រជុំពិភាក្សា លើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ដែលមានផ្ទៃដីទំហំមិនលើស១០ហិកតា ចំនួន១គម្រោង និងចុះកំណត់ព្រំប្រទល់ដីវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ផ្ទៃដីមិនលើសដប់ហិកតាចំនួន៦គម្រោងទៀត ស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស បូកគោ ក្នុងភូមិសាស្ត្រភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ក្នុងគោលបំណងដើម្បីសិក្សាជាក់ស្តែងលើទីតាំងស្នើសុំវិនិយោគ និងដើម្បីចុះកំណត់ការបោះបង្គោលព្រំប្រទល់ដីលើទីតាំងគម្រោងទាំង៧ខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here