ដោយៈសុខុម
បាងកក: គម្រោងពង្រីកអាកាសយានដ្ឋានសុវណ្ណភូមិ ក្រោមទំហំទុនវិនិយោគជាង២៣៦លានដុល្លារអាមេរិក ត្រូវបានរំពឹងថានឹងចាប់ផ្ដើមនៅខែកក្កដា ឆ្នាំ២០២២ ដោយពេលនេះរដ្ឋាភិបាលកំពុងធ្វើការដេញថ្លៃ ដើម្បីជ្រើសរើសក្រុមហ៊ុនម៉ៅការ។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Saksayam Chidchob ទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១៨ មករាកន្លងមកថា គម្រោងដែលមានឈ្មោះថា East Expansion Project នេះត្រូវបានគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអាកាសយានដ្ឋានថៃ (AoT) និងគណៈកម្មាធិការរបស់រដ្ឋាភិបាល ទទួលបន្ទុកការពង្រឹងសមត្ថភាព អាកាសយានដ្ឋានសុវណ្ណភូមិ អនុម័តរួចហើយ ហើយនឹងត្រូវប្រើពេល២ឆ្នាំដើម្បីបញ្ចប់ជាស្ថាពរ។
លោកបានគូសបញ្ជាក់ថា “នៅពេលគម្រោងពង្រីកនេះចប់ និងបើកដាក់ឱ្យដំណើរការនៅខែមីនា ឆ្នាំ២០២៥ អាកាសយានដ្ឋាននេះនឹងមានសមត្ថភាព ទទួលអ្នកដំណើររហូត ដល់ទៅ៦៥លាននាក់ក្នុងមួយៗឆ្នាំ បើធៀបនឹងចំនួនអ្នកដំណើរ៤៥លាននាក់ ក្នុងមួយឆ្នាំនាពេលបច្ចុប្បន្ន”។
លោកបន្ថែមទៀតថា ការបង្កើនសមត្ថភាព៤៤ភាគរយនេះ គឺស្របតាមការព្យាករអំពីកំណើនអ្នកដំណើរ ដែលប្រើប្រាស់អាកាសយានដ្ឋានសុវណ្ណភូមិ នៅត្រឹមឆ្នាំនោះ។
លោក Kerati Kijmanawat អនុប្រធាន ក្រុមប្រឹក្សាអាកាសយាន ដ្ឋានថៃ (AoT) បានថ្លែងថា គម្រោងពង្រីកថ្មីនេះ នឹងគ្របដណ្ដប់លើផ្ទៃដីទំហំ៦៦.០០០ម៉ែត្រការ៉េ ហើយនឹងមានបញ្ជរCheck-in ចំនួន១០៨ កន្លែងបញ្ជូនវ៉ាលីសចំនួន៦ និងប៉ុស្តិ៍ត្រួតពិនិត្យសុវត្ថិភាពចំនួន៩។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Saksayam Chidchob បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាអាកាសយានដ្ឋានថៃ (AoT) ក៏ត្រូវបានចាត់តាំងឱ្យជួលអង្គការ អាកាសចរណ៍ស៊ីវិលអន្តរជាតិ (International Civil Aviation Organization (ICAO)) ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ ដើម្បីឱ្យជួយធ្វើការសិក្សា និងផ្ដល់អនុសាសន៍លើផែនការពង្រីកអាកាសយានដ្ឋានសុវណ្ណភូមិផងដែរ៕ Bangkok Post៕